(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «យុទ្ធសាស្ដ្រកែលម្អការខូចខាត ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ» ដោយមានការចូលរួមបកស្រាយពី តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងមានការសម្របសម្រួលពី លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជនឲ្យបានយល់ច្បាស់ អំពីគោលនយោបាយជាយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល ដើម្បីធ្វើអន្ដរាគមន៍ក្នុងការស្ដារឡើងវិញ លើវិស័យអភិវឌ្ឍន៍ជនបទដែលរងផលប៉ះពាល់ និងខូចខាតដោយសារគ្រោះទឹកជំនន់នារយៈពេលកន្លងមក។

លោក ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ខ្សែផ្លូវដែលរងផលប៉ះពាល់ ចំនួន៦៧០ខ្សែ ស្មើនឹងប្រវែង៥,៣៨៩.៥៩គីឡូម៉ែត្រ ក្នុងនោះផ្លូវរងការខូចខាតប្រវែង ៣,១៥៤.៤២គីឡូម៉ែត្រ, សំណង់សិល្បការ្យសរុប ចំនួន២២៩កន្លែង ដោយប៉ាន់ស្មានថវិកាអស់ប្រមាណ៩១លានដុល្លារ។

ដោយឡែក ចំពោះអណ្តូងដែលទទួលរងការខូតខាតមានចំនួនសរុប ៤,១៥៥អណ្តូង។ ចំពោះការចំណាយក្នុងការជួសជុល និងស្ដារអណ្ដូងទឹកដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ទាំងអស់នេះមានចំនួនទឹកប្រាក់សរុបប្រមាណ៩០ម៉ឺនដុល្លារ។

បើតាមអ្នកនាំពាក្យ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស ចុះអន្តរាគមន៍បន្ទាន់តាមមុខព្រួញ សំខាន់ៗ ដែលបានវាយតម្លៃរួច ពិសេសខេត្តគោលដៅ ដែលបានទទួលរងផលប៉ះពាល់ខ្លាំង។ ក្រសួងបានប្រើប្រាស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៅថ្នាក់ជាតិ និងមន្ទីរអភិវឌ្ឍន៍ជនបទ រាជធានី ខេត្តទាំង២៥ ជាសេនាធិការផ្ទាល់នៅថ្នាក់មូលដ្ឋាន ក្នុងការតាមដាន និងវាយតម្លៃផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលបណ្តាលមកពីគ្រោះមហន្តរាយនានាលើវិស័យអភិវឌ្ឍជនបទនៅជនបទកម្ពុជា៕