(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលបានកំព្យូទ័រយួរដៃចំនួន ២៧គ្រឿង បន្ទះ Tablet និងសំបក ចំនួន ១០៧គ្រឿង ពីអង្គការយូនីសេហ្វប្រចាំកម្ពុជា (UNICEF) នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នាទីស្តីការក្រសួងសង្គមកិច្ច។
កំព្យូទ័រយួរដៃ និង បន្ទះTablet និងសំបក ដែលទទួលបាននាពេលនេះ គឺដើម្បីធ្វើការបែងចែកដល់មន្ទីរសង្គមកិច្ច និងការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម រាជធានី ខេត្តទាំង៥ ដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា សម្រាប់ប្រើប្រាស់ប្រព័ន្ធ Primero ក្នុងការគ្រប់គ្រងករណីកុមារ និងការធ្វើអធិការកិច្ចកន្លែង ថែទាំកុមារទូទាំង ២៥ រាជធានី ខេត្ត។
ពិធីប្រគល់ និងទទួលកុំព្យូទ័រ និងថេប្លេត ដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រាប់ប្រើប្រាស់ប្រព័ន្ធ Premiro ក្នុងការគ្រប់គ្រងករណីកុមារ និងការធ្វើអធិការកិច្ចកន្លែងថែទាំកុមារទូទាំង ២៥ រាជធានី ខេត្ត ដោយមានការចូលរួមពីលោក នឹម ថូត រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា តំណាង លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនោះ លោក នឹម ថូត បានថ្លែងអំណរគុណដល់អង្គការយូនីសេហ្វប្រចាំកម្ពុជា (UNICEF) ដែលបានជួយឧបត្ថម្ភសំភារៈទាំងអស់នេះ មកដល់ក្រសួងសង្គមកិច្ច ដើម្បីសម្រួលដល់ការងារ ជួយគ្រប់គ្រងលើករណីកុមារ និងការថែទាំកុមារ នៅទូទាំងប្រទេសកម្ពុជា។ ក្រសួងសង្គមកិច្ច នឹងប្រើប្រាស់ជំនួយរបស់ UNICEF ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕