Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឥណ្ឌា បិទសាលារៀន ១៣០កន្លែង ដោយសារសត្វខ្លារខិន បីក្បាល អុកឡុក (​Video Inside)

11-02-2016 14:58

(ញូដេលី)៖ សាលារៀនជាង ១៣០កន្លែង ស្ថិតនៅទីក្រុង ប៊ែងហ្គាឡឺរូ (Bengaluru) របស់រដ្ឋ កាណាតាកា (Karnataka) ភាគខាងត្បូងប្រទេសឥណ្ឌា ត្រូវបានអាជ្ញាធរ សម្រេចបិទទ្វារ ជាបណ្តោះអាសន្ន បន្ទាប់ពីសត្វខ្លារខិនចំនួន បីក្បាល បានឆ្មក់ចូលទៅក្នុងសាលារៀនមួយកន្លែង ក្នុងទីក្រុងខាងលើនេះ កាលពីបីថ្ងៃមុន។ នេះបើតាមការ ផ្សាយរបស់ទីភ្នាក់ងារព័ត៌មានស៊ិនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ ២០១៦។

មន្ត្រីក្នុងតំបន់ខាងលើនេះ បានបញ្ជាក់ទៀតថា ភ្នាក់ងារមកពីមន្ទីរគាំពារសត្វព្រៃរដ្ឋ បានចេញប្រតិបត្តិការបង្ក្រាប និងចាប់បានសត្វខ្លារខិលឈ្មោលចំនួន មួយក្បាល កាលពីថ្ងៃអាទិត្យ សប្តាហ៍មុននេះ ក្រោយពីវាបានអុកឡុក សាលារៀន និង បង្កការភិតភ័យដល់ក្មេងៗជាច្រើន។ ដោយឡែកសត្វខ្លារខិលពីរក្បាលផ្សេងទៀត កាលពីថ្ងៃអង្គារ សប្តាហ៍នេះ ត្រូវបានគេប្រទះឃើញ ដើររេរានៅក្បែរសាលារៀនដដែលផងដែរ។

បើតាមសម្តីរបស់មន្ត្រីគាំពារសត្វព្រៃឥណ្ឌា សត្វខ្លារខិនទាំងនោះ បានចេញមកពីព្រៃ ដែលនៅក្បែរសាលារៀន ហើយបានផ្លោះរបងចូលក្នុងសាលារៀនតែម្តង។ មិនមានការបង្ករបួសស្នាមណាមួយ ត្រូវបានគេរាយការណ៍ឲ្យ ដឹងនោះទេ។ សម្រាប់ប្រទេសឥណ្ឌា ចំនួនសត្វខ្លារខិនសរុប មានយ៉ាងហោចណាស់ក៏ ១៤,០០០ ក្បាលដែរ៕