(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនកម្មកររោងចក្រ នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល និងចូលរួមរំលែកទុក្ខគ្រួសារសព ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកឥដ្ឋបុកយ៉ាងពេញទំហឹង និងជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឱ្យស្លាប់ម្នាក់។
ក្នុងឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ បានផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងអាណិតអាសូរបំផុតដល់ប្រជារាស្ត្រជាកូនជាចៅ។
លោកអភិបាលខេត្តបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន សម្ដេចតែងមានការគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានណែនាំជាប្រចាំ ដល់មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវចុះជួយប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ ឱ្យបានទាន់ពេលវេលា ជាក់ស្ដែងបងប្អូនកម្មករកម្មការិនីជួបគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកខ្សាច់កណ្ដាលនេះ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៦៖៤០នាទី នៅលើខេត្ត៣៨១ ត្រង់ចំណុចភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាក Hyundai ធុនដឹកទំនិញធំពណ៌សផ្លាកលេខភ្នំពេញ 3B-0748 បើកបរដោយឈ្មោះ ឈឿន វ៉ាន់ឌី ភេទប្រុសអាយុ២៥ឆ្នាំ បើកបរក្នុងទិសដៅពីជើងមកត្បូង បានបុករថយន្តឈប់នៅចិញ្ចើមផ្លូវរង់ចាំដាក់កម្មកររោងចក្រទៅធ្វើការ បណ្ដាលឱ្យមនុស្សរងគ្រោះ ចំនួន៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល។
នៅពេលរថយន្តបង្កខាងលើ បានបុកគូទរថយន្តដឹកកម្មករនោះរួច ក៏បានរេចង្កូតមកបុកម៉ូតូមួយគ្រឿងទៀតដែលបើកបញ្ច្រាស់ទិសគ្នា បណ្ដាលឱ្យអ្នកបើកម៉ូតូម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្ដង។
គួរជម្រាបថា អំណោយដែលសាខា បានផ្តល់ជូនក្នុង១នាក់ ទទួលបានអង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីប ១កញ្ចប់ ម៉ាស់ ១០បន្ទះ អាល់កុល១ដប និងថវិកាចំនួន ២០ម៉ឺនរៀល។ ដោយឡែកគ្រួសារសពអង្ករ ៥០គីឡូក្រាម, មី ២កេស, ត្រីខ ២០កំប៉ុង, ឃីប ១កញ្ចប់, ទឹកសុទ្ធ ២កេស, ទឹកផ្លែឈើ ២កេស, ម៉ាស ១០បន្ទះ អាល់កុល១ដប និងថវិកាចំនួន ១លានរៀល៕