(កំពត)៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្តកំពត សហការជាមួយនគរបាលតាមស្រុក ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ បានបើកប្រតិបត្តិការស្រាវជ្រាវ ជាបន្តបន្ទាប់ រហូតបង្ក្រាបនិងចាប់ខ្លួន ជនសង្ស័យ២នាក់ ក្នុងបទល្មើស២ផ្សេងគ្នា ដោយជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារ ប៉ងសម្លាប់ជនរងគ្រោះ ព្រោះតែខឹងដំណ្តើមប្រពន្ធពេលខ្លួនជាប់គុក និងម្នាក់ទៀត ជាប់ពាក់ព័ន្ធសកម្មភាពចូលទៅបាញ់ប្លន់យកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ នៅស្រុកកំពង់ត្រាច បណ្តាលឲ្យរងរបួសទៀតផង។
លោក សៅ សំអឿន ស្នងការរង និងជាប្រធានការិយាល័យ នគរបាលកណ្តាលព្រហ្មទណ្ឌ បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា ជនសង្ស័យទី១-ឈ្មោះទង វុទ្ធី ហៅដុក អាយុ៤៩ឆ្នាំ រស់នៅក្នុងភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។
ជនសង្ស័យរូបនេះ ត្រូវឃាត់ខ្លួនបាន នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិកំពង់ចិនខាងលើ ដែលជាប់ចោទពីបទ «ប៉ុនប៉ងឃាតកម្ម» លើជនរងគ្រោះ ឈ្មោះ ខាត់ តាប់ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។
ជនសង្ស័យបានប្រើកាំភ្លើង AK បាញ់ចំនួន៤គ្រាប់ ប៉ងសម្លាប់ជនរងគ្រោះ តែមិនបានសម្រេចដូចបំណងឡើយគ្រាន់តែ១គ្រាប់ ត្រូវចំដាច់ម្រាមដៃ១ខាងឆ្វេងប៉ុណ្ណោះ នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦កន្លងទៅ។ ជនសង្ស័យបានសារភាពថាខ្លួនគេពិតជាបាន ប្រព្រឹត្តមែន ដោយមានបំណងសម្លាប់ជនរងគ្រោះពិតប្រាកដ ព្រោះតែមានគំនុំជាមួយជនរងគ្រោះ បានយកប្រពន្ធខ្លួនខណៈខ្លួនកំពុង ជាប់ក្នុងគុក អំឡុងឆ្នាំ២០១៥។ ដោយឡែក ជនសង្ស័យទី២-ឈ្មោះ លឹម ភី អាយុ៣៣ឆ្នាំ រស់នៅភូមិឈើទាលរាំ ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
ជនសង្ស័យរូបនេះ និងបក្ខពួក២នាក់ផ្សេងទៀត បានប្រើកាំភ្លើងធន់ AK កាត់ស្នូក១ដើម ចូលប្ល្នន់ផ្ទះជនរងគ្រោះ ជាជនពិកាជើង ហើយក្រុមជនល្មើសបានព្រួតគ្នាវាយលើជនរងគ្រោះ នឹងឈើច្រត់រហូតដល់ស្លាប់នៅ នឹងផ្ទះតែម្តង រួចហើយក្រុមជនសង្ស័យបន្តវាយ លើកូនស្រីរបស់ជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ថែមទៀត នៅយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នៅភូមិអង្ក្រង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ ជនសង្ស័យរូបនេះត្រូវឃាត់ខ្លួន នៅរសៀល ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅ ភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ដោយអនុវត្តតាមដីការរបស់សាលាដំបូងខេត្តកំពត។ ជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ជំនាញបញ្ជូនខ្លួនឡើងតុលាការ ដើម្បីចាត់ការតាមច្បាប់៕