(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនចៃកា (JICA) មិនត្រឹមតែជួយកសាងហេដ្ឋារចនាសម្ព័ន្ធប្រពន្ធលូបង្ហូរទឹក ដែលកាត់បន្ថយបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ តែ JICA បានកសាងនូវអាងប្រព្រឹត្តិកម្មទឹកកខ្វក់ឲ្យក្លាយជាទឹកស្អាតមុននឹងបង្ហូរទឹកចូលទៅក្នុងទន្លេថែមទៀត។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោកបានជួបសម្ដែងការគួរសមជាមួយលោក ស៊ូហ្កាណូ យូអ៉ីឈី ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បញ្ចប់អាណត្តិ និងលោកស្រី កាម៉េ ហារុកុ ប្រធានតំណាងថ្មីនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
លោក ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញពិតជាអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនបញ្ចប់អាណត្តិ (JICA) ដែលបានជួយដល់រាជធានីភ្នំពេញ ជាក់ស្តែងដូចជាការកសាងនូវប្រព័ន្ធបង្ហូរទឹក ការផ្ដល់រថយន្តក្រុងសាធារណៈ ការបំពាក់នូវកាមេរ៉ាសុវត្ថិភាព ជាមួយនឹងការផ្ដល់នូវបច្ចេកទេសផ្សេងៗទៀត។ មកដល់ពេលនេះ JICA បានជួយរាជធានីភ្នំពេញលើគម្រោងការពារទឹកជំនន់ជំហានទី៤ហើយ ដោយក្នុងគម្រោងជំហានទី៤នេះ JICA បាននិងកំពុងធ្វើសកម្មភាពដាក់លូបង្ហូរទឹកខ្នាតធំនៅក្នុងខណ្ឌទួលគោក និងខណ្ឌដូនពេញ។
លោកសង្ឃឹមថា គម្រោងទាំងពីរនេះនឹងកាត់បន្ថយបានយ៉ាងធំលើការលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងខណ្ឌទាំងពីរនេះ។ ជាក់ស្តែង ក្នុងគម្រោងការពារទឹកជំនន់ជំហានទី៣ ដែលអង្គការចៃកាបានធ្វើឡើងនៅក្នុងខណ្ឌ៧មករាឃើញថា គម្រោងនេះទទួលបានជោគជ័យ ដោយកាត់បន្ថយបាននូវការលិចលង់យ៉ាងធំនៅខណ្ឌ៧មករា។ ជាងនេះទៀត JICA បានកសាងអាងប្រតិកម្មទឹកកខ្វក់ មុនបង្ហូរចូលទៅក្នុងទន្លេថែមទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅតាមដងទន្លេពិសេសប្រជាពលរដ្ឋដែលរស់នៅខេត្តកណ្ដាល មិនទទួលរងនូវប៉ះពាល់ដោយទឹកកខ្វក់នេះ។
លោក ឃួង ស្រេង ក៏បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមសហការជាមួយលោកស្រី កាម៉េ ហារុកុ ប្រធានតំណាងថ្មីនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA គ្រប់ពេលវេលា ហើយលោកសង្ឃឹមថា កិច្ចប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងអង្គការ JICA នឹងកាន់តែល្អប្រសើរមួយកំរិតថែមទៀត។
លោក ស៊ូហ្កាណូ យូអ៉ីឈី បានបញ្ជាក់ឲ្យដឹងផងដែរថា ក្នុងអាណត្តិជាង៣ឆ្នាំដែលលោកបានបំពេញការងារនៅរាជធានីភ្នំពេញ JICA បានជួយរាជធានីភ្នំពេញច្រើន ដូចការបំពាក់កាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ ការកសាងនូវប្រព័ន្ធបណ្ដាញលូជាដើម ហើយក្នុងពេលនេះ JICA បាននិងកំពុងធ្វើសកម្មភាពដាក់លូបង្ហូរទឹកខ្នាតធំនៅក្នុងខណ្ឌទួលគោក និងខណ្ឌដូនពេញ។ គម្រោងនេះក៏បានឈានទៅរកភាពជោគជ័យមួយទៀតដែរ។
ជាទិសដៅរបស់ JICA និងផ្ដល់បច្ចេកទេសទៅលើការគ្រប់គ្រងប្រព័ន្ធចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ការគ្រប់គ្រងប្រព័ន្ធលូបង្ហូរទឹក គម្រោងរៀបចំប្រព័ន្ធដឹកជញ្ជូននៅរាជធានីភ្នំពេញការរៀបចំ នគររូបនីយកម្មដែនដី ប្រព័ន្ធដឹកជញ្ជូនជាដើម។ ទោះបីលោកត្រូវត្រឡប់ទៅប្រទេសជប៉ុនវិញក៏ពិតមែន តែលោកនៅតែបន្តជួយរាជធានីភ្នំពេញ បន្ថែមទៀត តាមរយៈលោកស្រី កាម៉េ ហារុកុ ប្រធានតំណាងថ្មីនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន៕