(កំពង់ធំ)៖ ពូជស្រូវស្រាលមិនប្រកាន់រដូវប្រមាណ ៨៣តោន ត្រូវបានប្រគល់ជូនប្រជាកសិករប្រមាណ ៨៣០គ្រួសារ មកពី ១២ឃុំ ក្នុងស្រុកសន្ទុក និងស្រុកបារាយ ខេត្តកំពង់ធំ ដើម្បីធ្វើស្រែឡើងវិញ ក្រោយស្រូវរបស់ពួកគាត់រងការខូចខាតព្រោះជំនន់ទឹកភ្លៀងនាពេលកន្លងទៅថ្មីៗនេះ។
ពិធីចែកពូជស្រូវត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមានការអញ្ជើញចូលរួមពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ។
ក្នុងពិធីនោះ លោក វេង សាខុន បានជម្រាបជូនអង្គពិធីដោយសង្ខេបអំពីគ្រោះមហន្តរាយទឹកជំនន់កន្លងមក ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ និងបានលេបត្របាក់ផលិតកម្មដំណាំស្រូវ ដំណាំរួមផ្សំ និងសត្វពាហន: របស់ប្រជាកសិករអស់ជាច្រើនម៉ឺនហិកតា។
លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងឱ្យដឹងផងដែរថា ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពូជស្រូវស្រាលប្រមាណ ៦,៥៧៨តោន និង ១៥០គីឡូក្រាម ត្រូវបានចែកជូនប្រជាកសិករសម្រាប់បង្កបង្កើនផលឡើងវិញ។
នៅចំពោះមុខប្រជាពលរដ្ឋរងការខូចខាតដំណាំស្រូវដោយសារជំនន់ទឹកភ្លៀង លោកទេសរដ្ឋមន្ត្រី គន់ គីម ជួសមុខសម្តេចតេជោនាយករដ្ឋមន្ត្រី បានចូលរួមសោកស្តាយចំពោះការខូចខាតដំណាំស្រូវដោយសារការជន់លិច។ លោកទេសរដ្ឋមន្ត្រី បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា «គ្រោះធម្មជាតិជារឿងដែលយើងគ្រប់គ្នាមិនចង់ជួប រាជរដ្ឋាភិបាលក៏មិនចង់ឃើញ តែយើងមិនអាចហាមឃាត់ ឬរារាំងគ្រោះធម្មជាតិបាននោះឡើយ»។
ក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី ក៏បានលើកបង្ហាញពីកិច្ចអន្តរាគមន៍ និងដោះស្រាយបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន និងមន្ត្រីពាក់ព័ន្ធទាំងអស់ក្នុងការជួយប្រជាពលរដ្ឋពីហេតុការណ៍គ្រោះមហន្តរាយនេះ ទាំងក្នុងពេលទឹកចាប់ផ្តើមជន់លិច និងក្រោយពេលទឹកស្រកទៅវិញ។
លោកទេសរដ្ឋមន្ត្រី បានថ្លែងគូសបញ្ជាក់ថា «ដ្បិតតែយើងមិនអាចរារាំងគ្រោះមហន្តរាយបាន តែយើងក៏មិនបានទុកឱ្យពលរដ្ឋរងគ្រោះដោយគ្មានការអើពើ ឬជួយសង្គ្រោះនោះឡើយ។ បងប្អូនឃើញស្រាប់ហើយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកទាំងទ្វេមិនបានព្រងើយកន្តើយនោះទេ ពេលទឹកចាប់ផ្តើមលិចសម្តេចបញ្ជាឱ្យស្រង់ពលរដ្ឋ និងចែកស្បៀង ពេលទឹកស្រកទៅវិញសម្តេចលោកដាក់បទបណ្ជាឱ្យចែកពូជស្រូវ និងជួយអន្តរាគមន៍ដល់ការដាំដុះឡើងវិញ»។
លោកទេសរដ្ឋមន្ត្រីបន្ថែមថា «ឈ្វេងយល់យ៉ាងច្បាស់អំពីទុក្ខលំបាករបស់បងប្អូនប្រជា កសិករ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញវិធានការចំបាច់ និងបន្ទាន់ឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ ចុះធ្វើអន្តរាគមន៍ជាបន្ទាន់ដើម្បីជួយស្តារផលិតកម្មដំណាំស្រូវជូនប្រជាកសិកររងគ្រោះឲ្យអស់សមត្ថភាព គ្រប់វិធីសាស្រ្ត គ្រប់មធ្យោបាយទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដោយមិនអនុញ្ញាតឲ្យបងប្អូនយើងណាម្នាក់ស្លាប់ដោយខ្វះស្បៀងឡើយ»។
លោក គន់ គីម ក៏បានរំលឹកប្រជាពលរដ្ឋឱ្យប្រឹងប្រែងបង្កបង្កើនផលឡើងវិញ ដើម្បីស្តារជីវភាព និងធ្វើយ៉ាងណាកុំឱ្យខ្វះស្រូវអង្ករបរិភោគ។ ទន្ទឹមនឹងនេះ ដើម្បីធានាថាការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋមិនជួបបញ្ហានោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានក្រើនរំលឹកមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិ ឱ្យយកចិត្តទុកដាក់ និងជួយអន្តរាគមន៍បំពេញរាល់តម្រូវការរបស់ប្រជាកសិករ។
លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានក្រើនរំលឹកដល់អាជ្ញាធរថា ការផ្គត់ផ្គង់ និងផ្តល់ប្រភពទឹកជាកិច្ចការសំខាន់បំផុត សម្រាប់ការដាំដុះឡើងវិញនេះ។ ដូច្នេះត្រូវរិះរកធ្វើយ៉ាងណា កុំឱ្យខ្វះប្រភពទឹកស្រោចស្រប់ស្រូវ ដែលអាចនាំឱ្យការធ្វើស្រែឡើងវិញមិនទទួលបានទិន្នផល។
សូមបញ្ជាក់ថា គ្រោះទឹកជំនន់ដោយសារទឹកភ្លៀងថ្មីៗនេះ នៅទូទាំងខេត្តកំពង់ធំ បានប៉ះពាល់ស្រែជាង ១៨,០០០ ហិកតា និងរងការខូចខាតជាង ១០,០០០ហិកតា។ គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ការស្តាឡើងវិញ ចំពោះផ្ទៃដីដែលអាចស្តារបាន គឺសម្រេចបានជាង ៨០ភាគរយហើយ។
នៅថ្ងៃដដែលនេះ បន្ទាប់ពីចែកស្រូវពូជហើយនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានចុះពិនិត្យការងារដាំដុះឡើងវិញរបស់កសិករ និងពិនិត្យប្រភពទឹកប្រឡាយនៅភូមិចតុលោក ឃុំបារាយ ស្រុកបារាយ ខេត្តកំពង់ធំ។
ពេលចុះពិនិត្យមើលការធ្វើស្រែឡើងវិញនេះ លោកទេសរដ្ឋមន្ត្រី បានសម្របសម្រួលឱ្យមានការបើកទ្វារទឹក ដើម្បីបង្ហូទឹកជូនប្រជាពលរដ្ឋកំពុងព្រោះស្រូវ ដើម្បីធានាថាផ្ទៃដីស្រែបង្កបង្កើនឡើងវិញ ទទួលបានផលគ្រប់គ្រាន់៕