(ភ្នំពេញ)៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវទៅដល់ក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់នៅកម្ពុជា ឲ្យខិតខំដំឡើងសេវាអ៉ីនធើណេត ទៅតាមតំបន់ដាច់ស្រយាល ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការទទួលបានព័ត៌មាននានា តាមប្រព័ន្ធអេឡិចត្រូនិក ដូចជា Facebook ជាដើម។

សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងអំពាវនាវដូច្នេះក្នុងឱកាសអញ្ជើញបើកសម្ពោធដាក់ឲ្យប្រើប្រាស់ សាកលវិទ្យាល័យសម្តេច ហេង សំរិន ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញពីប្រសិទ្ធភាពក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនង Facebook ក្នុងការទទួលយកកង្វល់ និងបញ្ហារបស់ប្រជាពលរដ្ឋ ក៏ដូចជាការឆ្លើយតប និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទៅវិញ បានលឿន និងមានប្រសិទ្ធភាពខ្ពស់ ដោយមិនចាំបាច់ឲ្យប្រជាពលរដ្ឋនាំគ្នាសរសេរបណ្តឹង ឬដង្ហែយកញត្តិទៅជូនសម្តេចដូចពេលមុនទៀតឡើយ។ តែទោះជាយ៉ាងណា សម្តេចនាយករដ្ឋមន្រ្តី បានបង្ហាញឧបសគ្គនៅតាមតំបន់មួយចំនួន ដែលមិនទាន់មានសេវាអ៉ីនធើណេត ដែលមិនអាចឲ្យប្រជាពលរដ្ឋប្រើប្រាស់បណ្តាញទំនាក់ទំនង Facebook បាន ហើយសម្តេចក៏មិនអាចបញ្ជូនព័ត៌មាននានា ទៅដល់ដល់របស់ប្រជាពលរដ្ឋផងដែរ។

ឆ្លើយតបបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន ដែលកំពុងប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទ និងប្រព័ន្ធអ៉ីនធើណេត ជួយសម្រួលដល់ការដោះស្រាយ បញ្ហាជូនប្រជាពលរដ្ឋនេះ បានអំពាវនាវ ដល់ក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់ បង្កើនការតបណ្តាញសេវាអ៉ីនធើណេត នៅតាមតំបន់ដាច់ស្រាយាល បន្ថែមទៀត ដើម្បីផ្តល់លទ្ធភាពឲ្យប្រជាពលរដ្ឋ អាចតាមដានព័ត៌មានលើប្រព័ន្ធទូរស័ព្ទ ក៏ដូចជា Facebook ផងដែរ៕