(ភ្នំពេញ)៖ ជនវៀតណាមម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក សហការជាមួយកម្លាំងនគរបាល ខណ្ឌឫស្សីកែវ ឃាត់ខ្លួនភ្លាមៗ ក្រោយរកឃើញថា ទាំងស្រវឹងស្រាទាំងបែកថ្នាំ ដោយប្រើប្រាស់គ្រឿងញៀន បានធ្វើសកម្មភាពដុតផ្ទះរបស់ខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើលភ័យខ្លាច ដល់ប្រជាពលរដ្ឋនៅវេលាម៉ោង១២និង០៥នាទីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ  ។

ជនត្រូវសង្ស័យឈ្មោះចាំង យ៉ាំងឡូម អាយុ៤៣ឆ្នាំ មានមុខរបរជាកម្មករសំណង់ ស្នាក់នៅចំណុចកើតហេតុខាងលើ។

អធិការរងខណ្ឌឫស្សីកែវលោក អ៉ីវ ឈុនផេង បានបញ្ជាក់ថា បើតាមសាក្សីជាប្រជាពលរដ្ឋរស់នៅ ជុំវិញក្បែរទីតាំងកើតហេតុ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែ កុម្ភះ ឆ្នាំ ២០១៦ ដែលជាថ្ងៃចូលឆ្នាំទី៣ ប្រពៃណីចិនវៀតណាម និងជាថ្ងៃចូលឆ្នាំបង្ហើយគេឃើញ បុរសសង្ស័យជនជាតិវៀតណាមខាងលើ ដើរត្រេតត្រូតនៅមុខផ្ទះរបស់ខ្លួនទាំងស្រវឹងស្រាជោគជាំ ដៃកាន់ដែកកេះទៅដុតប៉ាតង់ ដែលដាក់បាំងជញ្ជាំងផ្ទះ បង្កឲ្យឆេះជាអណ្ដាតភ្លើង ប៉ុន្តែភ្លាមនោះត្រូវប្រជាពលរដ្ឋដែលនៅក្បែរ នាំគ្នាជួយជះទឹកពន្លត់ភ្លាមៗ ទើបមិនបណ្ដាលឲ្យឆេះខូចខាតធ្ងន់ធ្ងរនិងរីករាលដាលដល់ផ្ទះអ្នកដ៍ទៃ ។

អធិការរងខណ្ឌឫស្សីកែវលោក អ៉ីវ ឈុនផេង បានបន្តថា ក្រោយពីរទទួលបានសេចក្ដីរាយការពីនាយប៉ុស្ដិ៍នគរបាលស្វាយប៉ាកលោក គីម សាន្ដ ព្រមទាំង ទទួលបានបទបញ្ជាពីអធិការនគរបាលខណ្ឌឫស្សីកែវលោក ទៀង ច័ន្ទសារ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់ ទីតាំងកើតហេតុដោយឃាត់ខ្លួនជនបង្កវៀតណាមទាំងស្រវឹងជោគជាំភ្លាមៗដោយរកឃើញឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។

សូមបញ្ជាក់ថាបច្ចុប្បន្នជនជាប់សង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីរៀបចំកសាងសំនុំរឿងបន្តទៅតុលាការក្រុងចាត់ការតាមនិតិវិធីច្បាប់៕