(កណ្តាល)៖ តុលាការនឹងធ្វើការប្រកាសសាលក្រមសំណុំរឿងលោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង៣រសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបើយោងមន្ត្រីតុលាការខេត្តកណ្ដាលបានថ្លែងថា នៅក្នុងសវនការចុងក្រោយ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នាពេលកន្លងទៅ លោក អាំង មាលតី បានសារភាពទោសកំហុសរបស់ខ្លួន ដោយសារការធ្វេសប្រហែស និងបានស្នើសុំឲ្យតុលាការប្តូរបទចោទប្រកាន់ និងបន្ថយទោស។
សូមបញ្ជាក់ថា អតីតប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ និងសាលាដំបូងរាជធានីភ្នំពេញ ដែលពោរពេញដោយរឿងអាស្រូវ ពុករលួយ លោក អាំង មាលតី នៅព្រឹកមិញនេះ ត្រូវបាននាំខ្លួនមកសាកសួរនៅសាលាដំបូងខេត្តកណ្តាល។
លោក អាំង មាលតី ត្រូវបានលោក អ៉ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួនកាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល ដោយចោទប្រកាន់ពីបទបំផ្លាញដោយចេតនា និង គៃបំបាត់ដោយទុច្ចរិត។ បើយោងតាមមាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ លោក អាំង មាលតី អាជាប់ទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ។
លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីថ្ងៃត្រង់ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០១៥ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយដោះលែងជនជាប់ចោទក្នុងសំណុំរឿងគ្រឿងញៀនឈ្មោះ ថៅ ថាវី នៅក្រៅឃុំបណ្តោះអាសន្ន ជាមួយថ្នូររថយន្ត Audi មួយគ្រឿង។
សូមជំរាបថា លោក អាំង មាលតី ត្រូវបានដកចេញពីតំណែងប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីខែ កុម្ភៈ ឆ្នាំ២០១៥ បន្ទាប់ពីមានសំណុំរឿងមិនប្រក្រតីជាច្រើន បានកើតមានឡើងនៅក្នុងសាលាដំបូងរាជធានីភ្នំពេញ៕