Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បញ្ជូនបុរស​ហូឡង់ម្នាក់ ទៅកាន់តុលាការ ​ក្រោយវាយកម្ទេចសោរ និងទម្លុះពិដាន កន្លែងឃុំឃាំងរបស់នគរបាលបម្រុង​លួច​រត់

11-02-2016 11:32

(ភ្នំពេញ​)៖​ បុរស​ជនជាតិ​ហូឡង់​ម្នាក់​ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ត្រូវ​បាន​នគរបាល​ចរាចរណ៍​ រាជធានី​ភ្នំពេញ​ បញ្ជូន​មក​អយ្យការ​អម​សាលា​ដំបូង ​រាជធានី​ភ្នំពេញ​ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង ក្រោយបុរសរូបនេះ ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ និង​កាត់​សោរ​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​របស់​សមត្ថកិច្ច​បម្រុង​រត់​គេច​ខ្លួន​។  បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។

លោក សែម គន្ធា នាយរងការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បានប្រាប់ Fresh News ថាជនបង្ករូបនេះមានឈ្មោះ Niel Heco Comelis Van Klooster អាយុ២៨ឆ្នាំ ជនជាតិហូរឡង់ ស្នាក់នៅផ្ទះលេខ១២ ផ្លូវ៤២០ សង្កាត់បឹងត្របែក ខណ្ឌចំការមន ត្រូវបានឃាត់ខ្លួន នៅវេលាម៉ោង ១២៖៤៨នាទី យប់រំលងអាធ្រាត្រ ចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅគោលដៅ មុខផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយគណៈកម្មការចំរុះ ចុះត្រួតពិនិត្យជាតិអាល់កុល0,94 មីល្លីក្រាមក្នុងមួយលីត្រខ្យល់ ដែលជាកំរិតតម្រូវឲ្យឃាត់ខ្លួន បញ្ជូនទៅតុលាការ។

លោក សែម គន្ធា បានបញ្ជាក់ថា ក្រោយឃាត់ខ្លួន ព្រោះតែមានជាតិស្រវឹងនោះ ជនបរទេសរូបនេះត្រូវបានបញ្ជូនទៅឃុំឃាំង ជាបណ្តោះអាសន្ន ស្រាប់តែជននេះ ពោពេញដោយភាពស្រវឹងនោះ បានទៅវាយកំទេចសោរទ្វារ និងបុកទម្លុះពិដាន បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

បើតាមមន្រ្តីនគរបាលរូបនេះ ជនបរទេសខាង ក្រៅពីការចោទប្រកាន់លើបទល្មើសសេពគ្រឿងស្រវឹងនោះ គឺត្រូវរងការចោទប្រកាន់ បទល្មើសមួយទៀតនោះ គឺបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អង្គភាពសមត្ថកិច្ច និងមានបំណងចង់រត់គេចខ្លួន៕

 

Posted by Sheet on Wednesday, February 10, 2016