(បាត់ដំបង)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន លើការងារគ្រោះមហន្តរាយនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានធ្វើដំណើរចុះទៅពិនិត្យការធ្វើស្រែឡើងវិញរបស់ប្រជាពលរដ្ឋក្រោយពេលទឹកជំនន់បានស្រកទៅវិញ។
នៅថ្ងៃនេះលោកទេសរដ្ឋមន្ត្រី បានចុះទៅមើលសកម្មភាពធ្វើស្រែរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ខេត្តទាំងពីរនេះ បានរងការជន់លិចយ៉ាងធ្ងន់ធ្ងរដោយជំនន់ទឹកភ្លៀងដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗ បានរងការខូចខាតជាច្រើនហិកតា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាអគ្គមេបញ្ជាការកំពូលលើសមរភូមិគ្រោះមហន្តរាយ បានដាក់ចេញវិធានការបន្ទាន់ក្នុងការស្រោចស្រង់ជីវភាព និងការធ្វើស្រែ ក៏ដូចជាដាំដំណាំផ្សេងៗជូនប្រជាពលរដ្ឋក្រោយទឹកបានស្រកទៅវិញ។
ដើម្បីធានាដល់ការស្តារឡើងវិញនូវជីវភាព និងការដាំដុះរបស់ប្រជាពលរដ្ឋ សម្តេចតេជោ បានដាក់បទបញ្ជាដល់ក្រសួងមុខព្រួញសំខាន់ៗចំនួន៣ រួមមានក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ ធ្វើសកម្មភាពព្រមៗក្នុងការចែកពូជស្រូវ ចែកពូជដំណាំ ជួសជុលប្រព័ន្ធធារាសាស្ត្រ ប្រឡាយទឹក និងផ្លូវនៅតាមទីជនបទជាដើម។
គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា កន្លងទៅ ពូជស្រូវប្រមាណ ៦ពាន់តោន និងដំណាំរួមផ្សំជិត ៥៦ម៉ឺនកញ្ចប់ ត្រូវបានចែកជូនប្រជាកសិករដាំដុះឡើងវិញ ក្រោយពេលជំនន់ទឹកភ្លៀងបានស្រកទៅវិញ។ បច្ចុប្បន្នប្រជាកសិករ កំពុងតែមមាញឹកជាមួយការដាំដុះរបស់ពួកគេ។
របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ការងារស្តារឡើងវិញក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ សម្រេចបានលទ្ធផលប្រមាណជាង៥០%ភាគរយហើយ។ ក្នុងនោះ ខេត្តបាត់ដំបង ធ្វើស្រែបាន ៥,៨៣១ហិកតា លើផ្ទៃដីដែលអាចស្តារឡើងវិញបានចំនួន ១០,៥០០ហិចតា។
នៅខេត្តបន្ទាយមានជ័យ បាន ៥,១១៣ ហិកតាលើផ្ទៃដីខូចខាតសរុបដែលអាចស្តារឡើងវិញបានចំនួន ១១,១៦៩ ហិកតា។
អាជ្ញាធរពាក់ព័ន្ធបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ជាមួយការដាំដុះឡើងវិញរបស់ប្រជាពលរដ្ឋ និងបានដាក់ចេញវិធានការនានាជួយអន្តរាគមន៍ការងារដាំដុះរបស់ពួកគាត់។ ក្នុងដំណើរចុះពិនិត្យការដាំដុះឡើងវិញរបស់ប្រជាកសិករ លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងថា ការជួយជ្រោមជ្រែងការដាំដុះឡើងវិញរបស់ប្រជាកសិករឱ្យមានប្រសិទ្ធភាព គឺជាបទបញ្ជាដាច់ណាត់មួយរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានណែនាំទៅកាន់អាជ្ញាធរពាក់ព័ន្ធទាំងអស់។
«សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ណាស់លើការដាំដុះឡើងវិញរបស់ប្រជាពលរដ្ឋ។ ការបង្កបង្កើនក្រោយទឹកជំនន់ ជាកិច្ចការចាំបាច់ណាស់ ដើម្បីដោះស្រាយបញ្ហាស្បៀងអាហារ និងបញ្ហាក្នុងជីវភាពរបស់ប្រជាពលរដ្ឋរងគ្រោះ។ ការសង្គ្រោះពលរដ្ឋពីការជន់លិចជាសំខាន់ តែវាកាន់តែចាំបាច់ថែមទៀត ការស្តារឡើងវិញនូវជីវភាព និងការដាំដុះរបស់ប្រជាពលរដ្ឋក្រោយពេលទឹកស្រកទៅវិញ»។ នេះជាការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី គន់ គីម។
ក្នុងនាមជាភ្នែកជាច្រមុះរបស់សម្តេចតេជោ ហ៊ុន សែន, លោកទេសរដ្ឋមន្ត្រី គន់ គីម បានអំពាវនាវបន្ថែមទៅដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសនៅក្នុងខេត្តរងការជន់លិចឱ្យបង្កើនការយកចិត្តទុកដាក់ និងជួយអន្តរាគមន៍ដល់ការដាំដុះរបស់ប្រជាកសិករ។
ពីលើវាលស្រែដែលកំពុងបង្កបង្កើនផលឡើងវិញ ប្រជាពលរដ្ឋបានសម្តែងការរីករាយជាខ្លាំង ចំពោះការយកចិត្តទុកដាក់ និងជួយជំរុញនូវការដាំដុះឡើងវិញ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីពាក់ព័ន្ធ។ ពួកគាត់បានលើកឡើងថា ការចាត់ចែងផ្តល់ពូជស្រូវ និងការដោះស្រាយបញ្ហាទឹកពីសម្តេចតេជោ ហ៊ុន សែន បានផ្តល់លទ្ធភាពឱ្យការធ្វើស្រែឡើងវិញទាន់សភាពការណ៍។
នៅចំពោះមុខលោកទេសរដ្ឋមន្ត្រី គន់ គីម និងមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មមួយចំនួនទៀត លោកស្រី ហើយ ហម អាយុ ៥០ឆ្នាំ រស់នៅភូមិ សំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបងបានថ្លែងថា «ខ្ញុំត្រេកអរខ្លាំងណាស់ពេលឮដំណឹងថា សម្តេចផ្តល់ពូជស្រូវសម្រាប់ខ្ញុំ និងអ្នកភូមិខ្ញុំបានដាំដុះឡើងវិញភ្លាមៗពេលទឹកកំពុងចាប់ស្រកទៅវិញ...។ ខ្ញុំឮដំណឹងនេះចំពេលក្តីសង្ឃឹមរបស់ខ្ញុំបានបាត់បង់អស់ទៅតាមស្រែខ្ញុំជាង ២ហិកតា ដែលរលួយខ្ទេចដោយសារទឹកជំនន់។ ការផ្តល់ពូជស្រូវភ្លាមៗពេលទឹកកំពុងស្រកបណ្តើរៗនេះ ជាការស្តារក្តីសង្ឃឹមខ្ញុំ និងអ្នកភូមិខ្ញុំរាប់រយគ្រួសារឡើងវិញ»។
ជាការកត់សម្គាល់នៅតាមវាលស្រែដែលទឹកទើបតែស្រកផុត ប្រជាកសិករបាននិងកំពុងមមាញឹកក្នុងការភ្ជួររាស់ និងព្រោះស្រូវឡើងវិញ៕