(ស៉ីដនី, អូស្ត្រាលី)៖ សមាគមយុវជនខ្មែរប្រចាំទីក្រុងស៉ីដនី ប្រទេសអូស្ត្រាលី បានចេញសារលិខិតប្រកាសគាំទ្រ ការនាំអង្ករកម្ពុជាចូលអូស្ត្រាលី និងថ្កោលទោសជនអគតិ ដែលមិនឲ្យអូស្ត្រាលីនាំអង្ករកម្ពុជាចូល។ នេះបើតាមសារលិខិត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។

សមាគមយុវជនទីក្រុងស៉ីដនី បានថ្លែងយ៉ាងដូច្នេះថា៖ «យើងខ្ញុំតំណាងសមាគមយុវជនខ្មែរ ប្រចាំទីក្រុងស៉ីដនី រស់នៅប្រទេសអូស្ត្រាលី មានការហួសចិត្ត និងសោកស្តាយយ៉ាងខ្លាំងចំពោះ ជនអគតិមួយក្តាប់តូច នៅប្រទេសអូស្ត្រាលី ដែលតាំងខ្លួនឯង ជាតំណាងឲ្យសហគមន៍ខ្មែរ មានចេតនាទុច្ចរិតខិតខំ រិះរកគ្រប់មធ្យោបាយចង់បំផ្លិចបំផ្លាញ ផ្ទាល់លើផលប្រយោជន៍ប្រជាកសិករខ្មែរ ជាពិសេសលើវិស័យស្រូវអង្ករ កម្ពុជានាំចូលមកកាន់ទីផ្សារប្រទេសអូស្ត្រាលី នៅខណៈពេលប្រជាកសិករកំពុងទទួលរង ផលប៉ះពាល់ហានិភ័យពីជំងឺរាតត្បាតកូវីដ១៩ និងគ្រោះជំនន់ទឹកភ្លៀងក្នុងឆ្នាំនេះ»

សមាគមយុវជនទីក្រុងស៉ីដនី បានចាត់ទុកថា ទង្វើនេះត្រូវបានធ្វើឡើងដោយជនមួយក្តាប់តូច ដែលមាននិន្នាការលំអៀង ទៅអតីតគណបក្សសង្គ្រោះជាតិ នៅតំបន់មួយ នៃប្រទេសអូស្ត្រាលីរដ្ឋខាងត្បូង ដែលបានតាំងខ្លួនឯងថា ជាអ្នកតំណាងឲ្យសហគមន៍ខ្មែរ នៅប្រទេសអូស្ត្រាលី ក្រោមការជួយជ្រោមជ្រែងបំប៉ោង សម្លេងពីវិទ្យុអាស៉ីសេរី កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយបានផ្ញើលិខិតទៅតំណាងរាស្ត្រមួយរូប ឈ្មោះAnthony Byrne នៅរដ្ឋ Victoria ដោយបានមួលបង្កាច់ថា អង្កររបស់កម្ពុជា ដែលបាននឹងកំពុងនាំចេញមកអូស្ត្រាលី មានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។

ការចោទប្រកាន់នេះ គឺជាការប្រឌិតឡើងមានចេតនាទុច្ចរិត ដើម្បីរារាំងទីផ្សារ និងបំផ្លាញកេរ្តិ៍ឈ្មោះអង្ករកម្ពុជា ដែលពិភពលោកទទួលស្គាល់ និងមានចេតនា បំផ្លិចបំផ្លាញផ្ទាល់ទៅលើផលប្រយោជន៍ប្រជាកសិករខ្មែរសុទ្ធសាធ។ នេះបើតាមលិខិតរបស់សមាគមយុវជនខ្មែរទីក្រុងស៉ីដនី បានបញ្ជាក់បន្ថែម។

សូមជម្រាបថា ជាច្រើនឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ ដល់ប្រជាកសិករ ដែលជាម្ចាស់ស្រែចំការជាង ២.៥លានហិកតា ដោយផ្តល់នូវកិច្ចការការពារ និងផ្តល់អត្ថប្រយោជន៍ផ្សេងៗ ដូចជាការផ្តល់ប័ណ្ណគ្រប់គ្រងកម្មសិទ្ធិដីធ្លី ដែលមិនអាចឲ្យជនណាមួយមករំលោភបំពាន ឬយកជាកម្មសិទ្ធិបានឡើយ ផ្តល់ការលើកលែងពន្ធនៃការបង់ពន្ធលើដីស្រែចំការ និងពន្ធគ្រប់ប្រភេទលើធាតុចូលកសិកម្មផ្តល់គ្រាប់ពូជ សម្ភារកសិកម្មផ្សេងៗ បណ្តុះបណ្តាលជំនាញដាំដុះ និងការខិតខំស្វែងរកនិងពង្រីកទីផ្សារជូនគាត់ជាដើម។

ក្នុងរយៈពេល១០ ខែនៃឆ្នាំ២០២០ កម្ពុជាបាននាំអង្ករមកប្រទេសអូស្ត្រាលីបានចំនួន ២៥,៩៩៤ តោនកើនឡើង ៥៣% បើប្រៀបធៀបរយៈពេល១០ខែដូចគ្នា នៃឆ្នាំ២០១៩ នេះជាមោទនភាពមួយនៃកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការជួយគាំទ្ររបស់រដ្ឋាភិបាលអូស្ត្រាលី ដល់កសិករនិងវិស័យស្រូវអង្ករកម្ពុជា។

ទន្ទឹមនឹងប្រកាសគាំទ្រ ការនាំអង្ករកម្ពុជាចូលអូស្ត្រាលី សមាគមយុវជនខ្មែរទីក្រុងស៉ីដនី ក៏បានថ្កោលទោសជនអគតិ ដែលមិនឲ្យអូស្ត្រាលីនាំអង្ករកម្ពុជាចូលផងដែរ ដោយបញ្ជាក់ថា៖ «យើងខ្ញុំសូមអំពាវនាវដល់ប្រជាកសិករ និងប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស សូមកុំជឿការបោកប្រាស់ ការញុះញង់ និងប្រជាភិថុត របស់ក្រុមអគតិជ្រុលនិយមទាំងនេះឲ្យសោះ ក្រុមនេះពុំបានជួយអ្វីក្រៅពីការខិតខំរិះរកមធ្យោបាយបំផ្លិចបំផ្លាញស្រុកទេស ដែលកំពុងរីកចម្រើនឡើយ»

ខាងក្រោមនេះជាសារលិខិតរបស់សមាគមយុវជនខ្មែរទីក្រុងស៉ីដនី៖