(កំពង់ឆ្នាំង)៖ បន្ទាប់ពីមានព័ត៌មានទាក់ទងទៅនឹងការកាប់បំផ្លាញព្រៃលិចទឹក និងការនេសាទដោយប្រើឧបករណ៍ល្មើសច្បាប់ ដែលកើតមាននៅក្នុងខេត្តកំពង់ឆ្នាំង នាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន លោកបណ្ឌិត ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាទកោះហៅប្រធានសហគមន៍នេសាទនៅតាមដងទន្លេទាំងអស់ជាបន្ទាន់ ដើម្បីធ្វើការពន្យល់ណែនាំបន្ថែមទៀត អំពីការនេសាទ និងការប្រើឧបករណ៍នេសាទ ឲ្យត្រូវទៅតាមច្បាប់កំណត់។ សកម្មភាពនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។
បន្ទាប់ពីលោកបណ្ឌិត បានបញ្ចប់ក្នុងការជួបជាមួយសហគមន៍នេះសាទរួចហើយ លោកបានហៅក្រុមអ្នកសារព័ត៌មាន ដែលបានចុះផ្សាយព័ត៌មាន ពាក់ព័ន្ធទៅនឹងការកាប់បំផ្លាញព្រៃឈើលិចទឹក និងការដាក់របាំងធ្នួសផ្ជិតព្រែក នៅក្នុងស្រុកជល់គិរី កន្លងទៅថ្មីៗនេះ លោកបានបកស្រាយ។
លោកបានបញ្ជាក់ថា «គ្មានការកាប់ដើមឈើព្រៃលិចទឹកធំៗនោះទេ ការកាប់មែកឈើរាំងទាំងអស់នេះដោយ សារតែរដូវសម្រកប្រជាពលរដ្ឋជាអ្នកធ្វើចម្ការ។ ពួកគាត់បានកាប់មែកឈើ ជាប្រភេទដើមរាំង នៅក្នុងចំការរបស់គាត់ដើម្បីបង្កបង្កើនផលក្នុងរដូវសម្រកនេះ ហើយក៏មិនបានយកឈើទាំងនោះទៅធ្វើដាក់ជាសម្រាស់យកត្រីនោះដែរ»។
រីឯករណីដែលថា មានការដាក់របាំងផ្ជិតព្រែកដើម្បីស្ទាក់ចាប់ត្រី នារដូវសម្រកនេះ លោកបណ្ឌិតក៏បានបញ្ជាក់ផងដែរថា ករណីនេះគឺសហគមន៍ បានមូលមតិគ្នាធ្វើការនេសាទដាក់របាំង តាមព្រែកតូចៗគ្រាន់បានប្រយោជន៍ខ្លះ សម្រាប់ផ្គត់ផ្គង់ក្នុងសហគមន៍ ដូចជាការជួសជុលផ្លូវថ្នល់ ការជួយដល់ជនចាស់ជរា ជួយផ្នែកកាកបាទក្រហម និងមួយចំណែកទៀត កសាងសមិទ្ធផលផ្សេងៗ នៅក្នុងសហគមន៍តែប៉ុណ្ណោះ។
បន្ទាប់ពីក្រុមអ្នកសារព័ត៌មាន បានធ្វើកិច្ចសម្ភាសន៍ជាមួយនឹងលោកបណ្ឌិត ពាក់ព័ន្ធនឹងករណីមួយចំនួនរួចមក លោកក៏បានណែនាំដល់មន្ត្រីជំនាញ និងអ្នកសារព័ត៌មាន ត្រូវតែចេះសហការគ្នា ក្នុងការផ្ដល់ព័ត៌មាន ឲ្យគ្នាទៅវិញទៅមក ក៏ដូចជាការសហការ ក្នុងកិច្ចការផ្សេងៗទៀត ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ ក៏ដូចជាដើម្បីការអភិវឌ្ឍ ឱ្យមានការរីកចម្រើនដល់មូលដ្ឋានផងដែរ។
កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បណ្តាញសារព័ត៌មានជាច្រើន បានចុះផ្សាយពីការកាប់បំផ្លាញព្រៃលិចទឹក និងការនេសាទដោយប្រើឧបករណ៍ល្មើសច្បាប់ ក្នុងខេត្តកំពង់ឆ្នាំង។ បណ្តាញសារព័ត៌មាន បានដកស្រង់ពីប្រភពដើមថា មានដើមឈើធំៗ ដែលជាដើមឈើព្រៃលិចទឹកជាច្រើនកន្លែង ស្ថិតនៅបឹងទន្លេសាប ក្នុងភូមិសាស្ត្រទឹកដី នៃស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបានរងនូវការកាប់បំផ្លាញពីក្រុមជនល្មើស ដែលពួកគេកំពុងតែធ្វើសកម្មភាពកាប់បំផ្លាញជារៀងរាល់ថ្ងៃ ដោយមិនឃើញមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានធ្វើការបង្ក្រាប និងមានវិធានការទប់ស្កាត់នៅឡើយទេ។
ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃលិចទឹកខាងនេះ បើតាមប្រជាពលរដ្ឋរស់នៅតាមដងទន្លេសាប បានប្រាប់ថា គឺមានសកម្មភាពជាយូរណាស់មកហើយ ឱ្យតែដល់រដូវនេះ គឺអំឡុងខែវិច្ឆិកា និងខែធ្នូ ដែលជារដូវគេចាប់ផ្ដើមដាក់សម្រាស់យកត្រី គឺជនល្មើសតែងតែបានដើរកាប់រំលំដើមឈើព្រៃលិចទឹក ទាំងតូចទាំងធំ ដើម្បីយកមកដាក់ធ្វើជាសម្រាស់ឱ្យត្រីកុំ។ លុះដល់ខែសម្រក គឺក្នុងខែមករា ខែកុម្ភៈ ខែមិនា ពិសេសមុនរដូវចូលឆ្នាំចិន និងចូលឆ្នាំខ្មែរ ពួកគេបានចាប់ផ្ដើម ចាប់ត្រីនៅក្នុងសម្រាស់ ដោយប្រើអួនហ៊ុមជុំវិញសម្រាប់រួចហើយ គេក៏ចាប់ផ្តើមកៀរយកត្រីតែម្តង។
ប្រជាពលរដ្ឋបានបន្តថា ការដាក់សម្រាស់ឱ្យត្រីកុំដើម្បីចាប់យកត្រីខាងលើនេះ គឺកើតមានជាច្រើនឆ្នាំមកហើយ ដែលត្រូវបានជនល្មើសដាក់យកត្រី ស្ទើនៅពាសពេញទន្លេ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ឆ្នាំង ដែលសម្រាស់ទាំងអស់នោះ ត្រូវបានគេដាក់នៅតាមបឹង ត្រពាំង ព្រែក ទន្លេ ជាដើម។
ជាមួយគ្នានេះ ប្រភពព័ត៌មានបានស្រង់សម្តីប្រជានេសាទ ដោយពួកគាត់លើកឡើងថា ការប្រើឧបករណ៍នេសាទល្មើសច្បាប់ នៅក្នុងខេត្តកំពង់ឆ្នាំង កំពុងកើតមានគ្រប់រូបភាពបើទោះជាកម្លាំងជំនាញខណ្ឌរដ្ឋបាលជលផល និងសមត្ថកិច្ច បានធ្វើការផ្សព្វផ្សាយ ណែនាំដល់ប្រជានេសាទនៅតាមសហគមន៍នេសាទជាញឹកញាប់យ៉ាងណាក៏ដោយ ក៏ការប្រើឧបករណ៍ល្មើសច្បាប់គ្រប់ប្រភេទនៅតែកើតមាន ទាំងរដូវបិទនេសាទ និងរដូវបើកនេសាទ។ ករណីទាំងនេះផ្ដើមចេញពីជនខិលខូចដែលតែងតែគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនបានគិតពីការវិនាសហិនហោច នៃពូជមច្ឆជាតិនោះឡើយ៕