(ភ្នំពេញ)៖ ប្រៃសណីយ៍កម្ពុជា និងក្រុមហ៊ុន KERRY World Bridge Express នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចុះអនុស្សារណៈយោគយល់គ្នា លើវិស័យសេវាកម្មដឹកជញ្ជូនបញ្ញើរ ទូទាំង២៥ រាជធានី-ខេត្ដ ដែលមានរថយន្ដប្រហែលជា៤០គ្រឿង ដើម្បីបង្កើននូវសេវាកម្ម ឲ្យបានឆាប់រហ័ស ទៅតាមតម្រូវការរបស់សាធារណៈជន ដែលចំណាយទុនសរុប ១៧ លានដុល្លារ។
ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងរវាង តំណាងខាងក្រុមហ៊ុន KERRY World Bridge Express លោកឧកញ៉ា សៀ ឬទ្ធី និងតំណាងខាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា លោក អោក បូរ៉ា នៅសណ្ឋាគារ ទ្បឺរ៉ូយាល់។
លោកឧកញ៉ា សៀ ឬទ្ធី បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនសេវាដឹកជញ្ជូនទំនិញ KERRY ដែលបានចុះអនុស្សារណៈនេះ គឺធ្វើទ្បើងក្នុងគោលបំណង បំរើសេវាកម្មដឹកជញ្ជូនបញ្ជើរ ជូនសាធារណៈជន និងបង្កើនសមត្ថភាពគ្នាទៅវិញទៅមកដោយ ខាងក្រុមហ៊ុន និងខាងក្រសួង ទទួលបាននូវផលប្រយោជន៍រៀងៗខ្លួន ក្នុងការសហការនេះ។
លោកឧកញ៉ា សៀ ឬទ្ធី បន្ដថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុន និងក្រសួងមានការសហការគ្នាយ៉ាងល្អ ក្នុងការបំរើសេវាកម្ម ជូនដល់អតិថិជន ក្នុងការចែកចាយ ឬការទទួលបញ្ញើរពីអតិថិជន ឲ្យមានសក្តានុពល ភាពជឿជាក់ និងទទួលបានសេវាកម្មឆាប់រហ័ស ដែលនេះជាយុទ្ធសាស្ដ្រ ឈ្នះៗទាំងអស់គ្នា»។
លោក បន្ថែមថា ប្រជាជនកម្ពុជា គឺតែងតែផ្ញើរទំនិញ ពីកន្លែងមួយទៅកន្លែង ដោយតាក់ស៊ី ដែលមិនមានការធានាការខូចខាត ឬបាត់បង់នោះឡើយ ហើយវាស្ថិតនៅឆ្ងាយពីផ្ទះរបស់ខ្លួន ដោយដឹកជញ្ជូនមកឲ្យរថយន្ដឈ្នួល ឬតាក់ស៊ី ឲ្យដឹកបន្ដទៅខេត្ដទៀត ដែលធ្វើឲ្យខាតពេលវេលាច្រើន។
លោក បន្ថែមទៀតថា តែចំពោះសេវាកម្មរបស់ក្រុមហ៊ុន KERRY World Bridge Express នេះ គឺធានាបាននូវហានិភ័យទាំងនោះ ព្រមទាំងកាត់បន្ថយនូវពេលវេលា របស់អតិថិជនថែមទៀត ដោយក្រុមហ៊ុននឹងបង្កើតកន្លែងបញ្ញើរផ្សេងៗ ដែលនៅជិតផ្ទះរបស់អតិថិជនផ្ទាល់តែម្ដង នឹងទៅយកទំនិញដល់ផ្ទះអតិថិជន និងដឹកជញ្ជូនដល់ទីកន្លែងរបស់អតិថិជន ហើយអ្វីដែលពិសេសជាងនេះទៅទៀត គឺសេវាកម្មដឹកជញ្ជូននេះ នឹងផ្សារភ្ជាប់ទៅនឹងការទិញទំនិញ តាមអ៊នទ្បាញរបស់ក្រុមហ៊ុនផងដែរ។
ទន្ទឹមនឹងនោះ លោក អោក បូរ៉ា បានលើកឡើងថា ប្រៃសនីយ៍កម្ពុជា គឺគ្រប់ដណ្ដាប់នូវសេវាកម្មដឹកជញ្ជូន និងបញ្ញើរទូទាំងប្រទេស ដែលមាននៅតាមស្រុក និងទីប្រជុំមួយចំនួនទៀត ក្នុងនោះដោយកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥កន្លងទៅ គឺយើងបានដាក់សម្ពោធរថយន្ដដឹកអ្នកដំណើរ ដែលរត់គ្រប់២៥ ខេត្ដ-ក្រុង។ទន្ទឹមនោះ នឹងការចែកចាយបញ្ញើរនៅទូទាំងប្រទេស យើងមានដៃគូ ១៩២ប្រទេស ដែលចែកចាយនៅពាសពេញពិភពលោក ដែលគេហៅថា សេវាកម្មឆាប់រហ័ស គឺ EMS ហើយបានបង្កើតសេវា ផ្ទេរប្រាក់ឆាប់រហ័សមួយទៀត ហើយ បានបង្កើត ធនាគារ ប្រៃសណីយ៍កម្ពុជាទៀតផង។
លោកបន្ដថា ជាងនេះទៅទៀត «ប្រៃសនីយ៍កម្ពុជាជាប់លំដាប់លេខមួយ ប្រចាំនៅកម្ពុជា ពិសេសទំនិញចេញទៅអន្តរជាតិ មានចំនួនប្រមាណជា២តោន ក្នុងមួយថ្ងៃឯណោះ ដែលគ្រប់សេវាកម្មបញ្ញើរនៅកម្ពុជានេះមិនដូចនោះឡើយ ហើយពេលនេះ យើងបានសហការជាមួយក្រុមហ៊ុន យក្ស គឺ KERRY World Bridge Expressទៀតនោះ វាកាន់តែរីកចម្រើនមួយកម្រិតថែមទៀត»។
គួរបញ្ជាក់ថា ការសហការរវាងក្រុមហ៊ុន KERRY World Bridge Express ជាមួយនិងប្រៃសណីយ៍កម្ពុជានេះ មានរថយន្ដប្រមាណ៤០គ្រឿង និងម៉ូតូប្រមាណជា ជាង១០០ទៀត ដែលសម្រាប់ដឹកជញ្ជូនទំនិញទៅ២៥ខេត្តក្រុង។ ជាងនេះទៅខាងក្រុមហ៊ុន នឹងបន្ថែមនូវរថយន្ដជាច្រើនគ្រឿងទៀត នៅថ្ងៃខាងមុខដ៏ខ្លីនេះ ដើម្បីពង្រឹង និងពង្រីក សេវាកម្មដឹកជញ្ជូន និងបញ្ញើរ ឲ្យកាន់រហ័សទាន់ចិត្ដ តម្លៃសមរម្យ ដល់សាធារណៈជនផងដែរ៕