(ពោធិ៍សាត់)៖ នៅថ្ងៃ សៅរ៍ ទី ២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា រួមជាមួយសប្បុរសជន បានធ្វើពិធីប្រគល់អំណោយមនុស្សធម៌ជូន ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៧៩៥គ្រួសារ រស់នៅ ភូមិចំនួន ៥ ក្នុងឃុំថ្មដា និងឃុំអូរសោម នៃស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្នុងឱកាសនៃពិធីប្រគល់អំណោយនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងលោកបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានពាំនាំប្រសាសន៍ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្ដីនឹករលឹក និងការគិតគូរពីជីវភាពរស់នៅ និងបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសលេីក ទឹកចិត្ត ដល់ប្រជាពលរដ្ឋ ទាំងអស់ ឱ្យខិតខំស្តារជីវភាពគ្រួសារឡេីងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។
ជាមួយគ្នានេះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំសារអំពាវនាវពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញេីដល់ ប្រជាពលរដ្ឋ ទាំងអស់ សូមបន្តអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមវិធី «រស់នៅធម្មតា តាមបែបគន្លងថ្មី »។
ទន្ទឹមនឹងនេះ សូមប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់គិតគូរថែទាំសុខភាព ឱ្យបានល្អ ត្រូវរស់នៅមានអនាម័យ និងពិសាទឹកដាំឆ្អិន ដេីម្បីជៀសផុតពីជំងឺផ្សេងៗ ។ ម្យ៉ាងវិញទៀត បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែបង្កឱ្យមានអ្នកស្លាប់និងរងរបួសជារៀងរាល់ថ្ងៃ ដូចនេះសូមប្រជាពលរដ្ឋយកចិត្តទុកដាក់គិតគូរពីសុវត្ថិភាពរាល់ពេលធ្វេីដំណេីរ ត្រូវគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន។
សូមបញ្ជាក់ថា អំណោយ ដែល កាកបាទក្រហមកម្ពុជា បានទទួលពីសប្បុរសជនជាតិ-អន្តរជាតិ ត្រូវបានផ្តល់ ជូនដល់ គ្រួសារ នីមួយៗរួមមាន ៖ អង្ករ ២៥គីឡូក្រាម (ជាអំណោយរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា), មី ១កេស, ត្រីខ ១០កំប៉ុង , ទឹកត្រី ៦ដប, អំបិល ២គីឡូក្រាម និងឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១ឃីត៕