(កំពត)៖ លោក ជាវ តាយ ប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងជាអភិបាលខេត្តកំពត បានដឹកនាំក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកំពត ដោយបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីឈានទៅដោះស្រាយបញ្ចប់បញ្ហាដីធ្លី៤ករណីថ្មីទៀត ឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។
បើទោះបីជាពេលកន្លងទៅរដ្ឋបាលខេត្តកំពត ខិតខំប្រឹងប្រែងដោះស្រាយបញ្ចប់រាល់បញ្ហាពាក់ព័ន្ធដីធ្លី បានជាច្រើនករណីយ៉ាងណាក្តី ប៉ុន្តែបញ្ហាបាតុភាពអសកម្មពាក់ព័ន្ធវិវាទដីធ្លីនៅតែមានលេចឡើងជាបន្តបន្ទាប់។
ក្រោយពីទទួលបានរបាយការណ៍ និងសេចក្តីរាយការណ៍របស់ក្រុមការងារដែលមានអភិបាលរងខេត្ត មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរពាក់ព័ន្ធហើយនោះ លោកអភិបាលខេត្ត បានសម្រេចឆ្លើយតប និងដាក់ចេញវិធានការណែនាំក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅដល់មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពង្រឹងកិច្ចសហការគ្នាចុះអនុវត្ត ដើម្បីឈានទៅដោះស្រាយបញ្ចប់បញ្ហាដីធ្លីមានចំនួន៤ករណីដូចខាងក្រោម៖
១៖ ករណីសំណើសុំកែតម្រូវប្លង់ដីចំនួន ០២ប័ណ្ណ ស្ថិតនៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ក្នុងការចុះពិនិត្យទីតាំងជាក់ស្តែង និងធ្វើរបាយការណ៍ ដើម្បីពិនិត្យសម្រេច។
២៖ ករណីសំណើសុំ ផ្តល់ប័ណ្ណកម្មសិទ្ធិដីនៅភូមិកូនសត្វ ឃុំកូនសត្វ ឯកភាពធ្វើសំណើទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីធ្វើអនុបយោគពីដីរដ្ឋ មកដីឯកជនរបស់រដ្ឋជូនអ្នកស្នើសុំ ដើម្បីរដ្ឋបាលខេត្ត បានជាមូលដ្ឋានច្បាប់ ក្នុងការទទួលបានការអភិវឌ្ឍ ដែលជាសក្ដានុពល ក្នុងវិស័យទេសចរណ៍ឲ្យកាន់តែរីកចម្រើន និងទទួលបានភ្ញៀវទេសចរ ក៏កាន់តែច្រើនថែមទៀត។
៣៖ ការចូលទន្ទ្រានកាន់កាប់ដីរដ្ឋ នៅចំណុចសកលវិទ្យាល័យភូមិន្ទ(កំពត-តាកែវ) ក្នុងកិច្ចការងារនេះ ត្រូវប្រគល់ឲ្យមន្ទីរជំនាញពាក់ព័ន្ធ ពិសេស ប្រគល់ឲ្យមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ចុះពិនិត្យ និងវាស់វែងឡើងវិញ ចំពោះដីពាក់ព័ន្ធ និងស្រង់ស្ថិតិរួមនិងប្រវត្តិសាវតា នៃការកាន់កាប់ជាក់ស្តែង ដើម្បីឈានទៅដល់ការបញ្ចប់ទំនាស់។
៤៖ ចំពោះទីតាំងដីតាមបណ្តោយមាត់ព្រែកកំពត ស្ថិតក្នុងភូមិសាស្ត្រ ឃុំជុំគ្រៀល ស្រុកទឹកឈូ និងសង្កាត់កំពង់កណ្តាល ក្រុងកំពត លោកអភិបាលខេត្ត ក៏បានឯកភាពចុះបញ្ជីដីរដ្ឋ ដោយអនុវត្តតាមនីតិវិធីច្បាប់ ឲ្យបានឆាប់រហ័សផងដែរ៕