(ភ្នំពេញ)៖ នាវា នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ចំនួន ៣គ្រឿង នឹងចូលចតនៅកំពុងផែខេត្តព្រះសីហនុ នៅសប្តាហ៍ក្រោយ ។ នេះបើយោតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដែល Fresh News ទទួលបាននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា នាវារបស់កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន (JMSDF) ដែលមានឈ្មោះថា អាគេបូណូ (AKEBONO), ហាតាកាហ្សេ (HATAKZE) និង យ៉ាម៉ាយូគិ (YAMAYUKI) ដឹកនាំដោយលោក កាហ្ស៊ូហ៊ីកុ មីហ្សេ (Kazu hiko MIZOE) និងមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ ២០ ខែកុម្ភៈ ឆ្នាំ២០១៦។
ស្ថានទូតជប៉ុន បានឲ្យដឹងថា ដំណើរមកកាន់ដែនសមុទ្រកម្ពុជា របស់នាវាជប៉ុនទាំង៣គ្រឿងនេះ ធ្វើឡើងដើម្បីជាការហ្វិកហ្វឺន និងកម្សាន្ត ហើយក៏ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា តាមរយៈកម្មវិធីផ្លាស់ប្តូរនានា ក៏ដូចជាផ្តល់ឱកាសឲ្យទាហាន ទើបបញ្ចប់ការសិក្សានៅសាលា បានទទួលការសិក្សាអំពីយោធា និងវប្បធម៌របស់កម្ពុជាផងដែរ។
ព័ត៌មានពីស្ថានទូតបានបន្តថា អំឡុងពេលស្នាក់នៅកម្ពុជានេះ លោកកាពីទែន កាហ្ស៊ូហ៊ីកុ មីហ្សេ មានគម្រោងបំពេញទស្សនកិច្ច នៅរាជធានីភ្នំពេញ ដើម្បីជួបសម្តែងការគួរសមជាមួយមេបញ្ជាការកងទ័ពជើងទឹកកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ហើយលោក ក៏នឹងផ្តល់កិត្តិយសក្នុងការបំពេញទស្សនកិច្ច នៅមូលដ្ឋានទ័ពជើងទឹករាម, សាលាខេត្តព្រះសីហនុ និងកំពុងផែក្រុងព្រះសីហនុ នៅថ្ងៃទី១៧ ខែកុម្ភៈ។
ពិធីទទួលដំណើរមកដល់របស់នាវាកងទ័ពជើងទឹករបស់ជប៉ុនទាំង៣គ្រឿង នឹងប្រព្រឹត្តនៅថ្ងៃទី១៧ ខែកុម្ភៈ ចាប់ពីវេលាម៉ោង ១០៖៣០នាទី រហូតដល់ម៉ោង ១០៖៤៥ នាទី នៅផែចាស់ នៃកំពង់ផែខេត្តព្រះសីហនុ៕