អូស្ត្រាលី រកឃើញវីរុស Zika លើស្ត្រីមានផ្ទៃពោះម្នាក់
11-02-2016 11:10
(ស៊ីដនី)៖ ក្រសួងសុខាភិបាលអូស្ត្រាលី បានប្រកាសពីការរកឃើញវីរុស ហ្ស៊ីកា (Zika) ក្នុងខ្លួនស្ត្រីមានផ្ទៃពោះម្នាក់ នៅរដ្ឋ ឃ្វីនស៍ឡេន (Queenland) ដែលប្រការនេះបាននាំឲ្យ អាជ្ញាធរចេញសេចក្តីអំពាវនាវ មិនឲ្យស្ត្រីមានផ្ទៃពោះ ទាំងអស់ក្នុងរដ្ឋនេះ ធ្វើដំណើរចេញទៅក្រៅប្រទេសនោះឡើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ ២០១៦។
បច្ចុប្បន្ននេះ តំបន់ អាស៊ី-ប៉ាស៊ីហ្វិក ទាំងមូលកំពុងតែប្រយ័ត្នប្រយែងបំផុត ចំពោះការកើតឡើងនៃវីរុស ដែលមាន ប្រភពពីសត្វមូសនេះ។ ជំងឺដែលបង្កឡើងដោយវីរុស ហ្ស៊ីកា បានផ្ទុះឡើងជាលើកដំបូងនៅទ្វីបអាមេរិកទាំងពីរ ហើយក្រោយពីបានមើលឃើញស្ថានភាពកាន់តែធ្ងន់ធ្ងរ ទើបអង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នទៅកាន់សកលលោកទាំងមូល ឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះវីរុសដ៏កាចសាហាវនេះ។
គួរបញ្ជាក់ថា ប្រទេសដីកោះក្បែរខាងអូស្ត្រាលី ដូចជា សាម៉ាវ (Samoa), សូឡូម៉ុន (Solomon Islands), និង នូវែលសេឡង់ (New Zealand) ជាដើម កំពុងតែបង្កើតការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងតាមដានប្រជាជនមួយចំនួន ដែលគេសង្ស័យថាមានផ្ទុកវីរុស ហ្ស៊ីកា ដោយប្រើប្រាស់តាមវិធីដែលធ្លាប់បានអនុវត្តន៍ កាលពីមេរោគ អ៊ីបូឡា (Ebola) រីករាលដាលក្នុងឆ្នាំ ២០១៤ និង ២០១៥ នោះផងដែរ៕