(កណ្តាល)៖ លោក នូវ សុខសម្បត្តិ តំណាងលោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកមុខកំពូល ខេត្តកណ្តាល ព្រមទាំងលោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានជួបសំណេះសំណាល និងចែកម៉ាសដល់កម្មករជាង១០០០នាក់នៅបុរីវិមានភ្នំពេញ «មង្គលរតនៈ» គម្រោងទី៩ នៅព្រែកអញ្ចាញ ព្រមទាំងប្រជាពលរដ្ឋមួយចំនួនក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតជាសកល។
ក្នុងឱកាសនោះលោក នូវ សុខសម្បត្តិ បានលើកឡើងថា ម៉ាសដែលចែកជូនកម្មករចំនួន២០ម៉ឺនម៉ាស នៃកញ្ចប់២លានម៉ាសរបស់រាជរដ្ឋាភិបាលនាពេលនេះ គឺជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
លោក នូវ សុខសម្បត្តិ បានបញ្ជាក់បន្ថែមអំពីការគិតគូរយកចិត្តទុកដាក់ជានិច្ចជាកាលនូវសុខទុក្ខ ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនកម្មករកម្មការិនី និងបងប្អូនដែលរស់នៅក្នុងសហគមន៍ក្រីក្រ។
ជាមួយគ្នានេះលោកតំណាងលោក វង្សី វិស្សុត ក៏បានលើកឡើងថា ទោះបីជាព្រឹត្តិការណ៍៣វិច្ឆិកាត្រូវបានបិទបញ្ចប់ក៏ដោយ ក៏សម្តេចតេជោនាយករដ្ឋមន្ត្រី នៅបន្តអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់បន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ ដោយត្រូវអនុវត្តទៅតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល រួមមាន ត្រូវពាក់ម៉ាស លាងដៃឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គលយ៉ាងតិច១ម៉ែត្រកន្លះ ដើម្បីទប់ស្កាត់ការឆ្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ពីបុគ្គលទៅក្រុមគ្រួសារ និងពីបុគ្គលចូលក្នុងសហគមន៍។
ក្នុងឱកាសនោះលោកឧកញ៉ា លី ហួរ បានណែនាំឲ្យកម្មករនៅបុរីវិមានភ្នំពេញ ក៏ដូចជាបងប្អូន ប្រជាពលរដ្ឋអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាលដោយត្រូវពាក់ម៉ាសលាងដៃ នឹងអាល់កុល ឬជែល សម្អាតអនាម័យខ្លួនប្រាណ និងរក្សាគម្លាតសុវត្ថិភាពសង្គម ពោលគឺត្រូវអនុវត្តឲ្យបានទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីធ្វើយ៉ាងណាការពារឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយើង៕