(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់ការងារយេនឌ័រ វិទ្យាស្ថាន បន្តលើកស្ទួយ និងផ្តល់ឱកាសតួនាទី ព្រមទាំងឋានន្តរសក្តិដល់យុទ្ធនារីដែលមានសមត្ថភាព បទពិសោធន៍ និងស្នាដៃក្នុងវិស័យការពារជាតិជាបន្តបន្ទាប់ វិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម បានតែងតាំង វរសេនីយ៍ទោ សាន ស្រីណុច ជាប្រធានក្រុមការងារយេនឌ័រ ប្រចាំវិទ្យាស្ថាន។
វិទ្យាស្ថានបានរៀបចំពិធីប្រកាសសមាសភាពយេនឌ័រ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯកសាស្រ្តាចារ្យ នឹម មាលា នាយកវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម ហើយពិធីប្រកាស បានធ្វើឡើងនាព្រឹកថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ឯកសាស្រ្តាចារ្យ នឹម មាលា បានអរគុណសន្តិភាព អរគុណនយោបាយឈ្នះៗ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល របស់ក្រសួងការពារជាតិ ដែលបណ្តុះបណ្តាលលើវិស័យសុខាភិបាល។ ក្រុមការងារយេនឌ័រ ប្រចាំវិទ្យាស្ថាន មានភារកិច្ចជំរុញការអនុវត្ត បញ្ជ្រាបការងារយនឌ័រឲ្យមានប្រសិទ្ធភាព និងចូលរួមលើកកម្ពស់សមភាពយេនឌ័រ នៅក្នុងវិទ្យាស្ថានឲ្យកាន់តែប្រសើរឡើង និងចូលរួមជាមួយក្រុមការងារយេនឌ័រក្រសួងការពារជាតិ ដែលដឹកនាំដោយលោកស្រី ដាំ ដារីនី ជាប្រធានការងារយេនឌ័រ ក្រសួងការពារជាតិផងដែរ។
ក្នុងឱកាសនេះដែរ ក្រុមការងារយេនឌ័រវិទ្យាស្ថាន ដែលដឹកនាំដោយវរសេនីយ៍ទោ សាន ស្រីណុច ធ្វើការប្តេជ្ញាចិត្ត លះបង់ពេលវេលា និងកម្លាំងកាយកម្លាំងចិត្ត ដើម្បីភារកិច្ចទទួលបានជោគជ័យ៕