(បាត់ដំបង)៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បានបើកការដ្ឋានជួសជុលស្តារឡើងវិញផ្លូវក្រាលក្រួសក្រហមចំនួនមួយខ្សែប្រវែង ១៤,១០គីឡូម៉ែត្រ តភ្ជាប់ពីឃុំកកោះទៅឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ផ្លូវនេះឆ្លងកាត់ឃុំចំនួន៣ គឺឃុំកកោះ ឃុំរបសើមង្គល និងឃុំមោង ដែលជាផ្លូវច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់របស់ប្រជាកសិករ សម្រាប់ដឹកជញ្ជូនកសិផល។
បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានបញ្ជាក់ក្នុងឱកាសបើកការដ្ឋានស្ថាបនាផ្លូវនេះថា ផ្លូវប្រវែង ១៤,១០គីឡូម៉ែតនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់បញ្ចូលទៅក្នុងគម្រោងកិច្ចសហប្រតិបត្តិការ គឺ «គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់ព្រះរាជាណាចក្រកម្ពុជា (RID4CAM)» ដែលគ្រោងនឹងក្រាលកៅសូពីរជាន់ប្រភេទ DBST ជាគម្រោងសហប្រតិបត្តិការពីធនាគារ អភិវឌ្ឍន៍អាល្លឺម៉ង KfW ទីភ្នាក់ងារបារាំងសំរាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU)៕