(ពោធិ៍សាត់)៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាគ្រឿងចក្របើកការដ្ឋានស្ថាបនា ស្ដារឡើងវិញជាបន្ទាន់នូវកំណាត់ផ្លូវ និងសំណង់សិល្បការចំនួន៧ខ្សែ ដែលទទួលរងការខូចខាត ដោយសារជំនន់ទឹកភ្លៀង កាលពីពេលកន្លងមកនៅខេត្តពោធិ៍សាត់ ដែលប្រើប្រាស់ថវិកា របស់រាជរដ្ឋាភិបាលកម្ពុជា។
ពិធីនេះប្រារព្ធធ្វើនៅពីរទីតាំងផ្សេងគ្នា គឺនៅភូមិផ្លូវហ្លួង ឃុំកញ្ជរ ស្រុកកណ្ដៀង និងនៅភូមិអូររកា សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ដោយបានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ អភិបាលរងនៃគណៈអភិបាលខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានអនុប្រធានមន្ទីរ និងមន្ត្រីបច្ចេកទេស អាជ្ញាធរស្រុកឃុំពាក់ព័ន្ធ ក្រុមហ៊ុនម៉ៅការស្ថាបនា និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
បើតាមលោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្នុងអំឡុងពេលពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ មានភ្លៀងធ្លាក់ច្រើននៅទូទាំងប្រទេស ជាពិសេសនៅតំបន់ជួរភ្នំក្រវាញ បង្កជាជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ ក្នុងខេត្តពោធិ៍សាត់ ដែលជាហេតុបណ្ដាលឲ្យជន់លិច ហូរច្រោះដាច់ផ្លូវជនបទ និងសំណង់សិល្បការជាច្រើនកន្លែង ដោយក្នុងនោះមានផ្លូវក្រាលគ្រួសក្រហម និងផ្លូវក្រាលកៅស៊ូ ចំនួន៤៥ខ្សែ សរុប៣៩២.២០គីឡូម៉ែត្រ រងការជន់លិច និងខូចខាតយ៉ាងខ្លាំង មានជង្ហុកធំៗជាច្រើនកន្លែង ច្រោះដាច់តួផ្លូវជាកំណាត់ៗ និងហូរច្រោះជើងទេរជាច្រើនកន្លែង នាំឱ្យកាត់ផ្ដាច់ចរាចរណ៍របស់ប្រជាពលរដ្ឋ សិស្សានុសិស្ស មិនអាចធ្វើដំណើរទៅកាន់សាលារៀន ជាពិសេសមិនអាចធ្វើដំណើរទៅកាន់មណ្ឌលសុខភាព និងដឹកជញ្ជូនកសិផលនានាមកកាន់ទីផ្សារបាន។
លោកប្រធានមន្ទីរបានបន្ថែមថា ក្នុងចំណោមកំណាត់ផ្លូវទាំង៤៥ខ្សែ ផ្លូវដែលតម្រូវឲ្យជួសជុល និងស្ដារឡើងវិញជាបន្ទាន់ ដោយប្រើប្រាស់ថវិកាបម្រុងទុកឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ មានចំនួន៧ខ្សែ ក្នុងនោះរួមមាន៖
១៖ ផ្លូវគ្រួសក្រហម (រលួស) ក្នុងឃុំបឹងកន្ទួត និងឃុំកំពង់ពោធិ៍ ស្រុកក្រគរ និងឃុំកញ្ជរ ស្រុកកណ្តៀង ទទឹង៨ម៉ែត្រ ប្រវែង១១,១០០ម៉ែត្រ និងស្តារឡើងវិញ១១,១០០ម៉ែត្រ។
២៖ ផ្លូវគ្រួសក្រហម (បាក់ត្រា+អូររកា+ស្វាយប៉ាក) ក្នុងឃុំព្រងិល និងឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ទទឹង៨ម៉ែត្រ ប្រវែង១៧,២៥០ម៉ែត្រ និងស្តារឡើងវិញ១៧,២៥០ម៉ែត្រ។
៣៖ ផ្លូវគ្រួសក្រហម (ទួលគ្រួស-វត្តឯក) ក្នុងសង្កាត់រលាប និងសង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ទទឹង៨ម៉ែត្រប្រវែង៤,៩០០ម៉ែត្រ និងស្តារឡើងវិញ៤,៩០០ម៉ែត្រ។
៤៖ ផ្លូវគ្រួសក្រហម (ទួលចារ-កែវមុនី) ក្នុងសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ និងឃុំអន្លង់វិល ស្រុកកណ្តៀង ទទឹង៧ម៉ែត្រ ប្រវែង៩,៤០០ម៉ែត្រ និងស្តារឡើងវិញ១,៣០០ម៉ែត្រ។
៥៖ ផ្លូវគ្រួសក្រហម (វត្តបន្ទាយត្រោក+វត្តស្យា) ក្នុងឃុំស្យ៉ា និងឃុំស្រែស្តុក ស្រុកកណ្តៀង ទទឹង៨ម៉ែត្រ ប្រវែង៤,១០០ម៉ែត្រ និងស្តារឡើងវិញ២,៣០០ម៉ែត្រ។
៦៖ ផ្លូវកៅស៊ូ២ជាន់ (អន្លង់ហាប+កោះជុំ) ក្នុងឃុំកោះជុំ ស្រុកកណ្តៀង ទទឹង៦ម៉ែត្រ ប្រវែង៣,៦០០ម៉ែត្រ និងស្តារឡើងវិញ៣,៦០០ម៉ែត្រ។
៧៖ ផ្លូវកៅស៊ូ២ជាន់ (កោះជុំ) ក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ និងឃុំកោះជុំ ឃុំស្រែស្តុក ស្រុកកណ្តៀង ទទឹង៦ម៉ែត្រ ប្រវែង១៨,១០០ម៉ែត្រ និងស្តារឡើងវិញ១,៦៦០ម៉ែត្រ។
សូមជម្រាបថា ការចុះបើកការដ្ឋានស្ថាបនាឡើងវិញ ខ្សែផ្លូវដែលទទួលរងការខូចខាត ដោយសារជំនន់ទឹកភ្លៀងនាពេលនេះ គឺធ្វើឡើងបន្ទាប់ពីក្រុមការងារជំនាញ បានធ្វើការសិក្សាវាស់វែងរួចរាល់ ក្នុងការឆ្លើយតបតាមអនុសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាត់ឱ្យរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះស្ថាបនា និងជួសជុលឡើងវិញជាបន្ទាន់ នូវផ្លូវជនបទដែលរងខូចខាតដោយសារទឹកជំនន់ ដើម្បីសម្រួលចររាចរណ៍ ក៏ដូចជាការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ ជាពិសេសដើម្បីជួយប្រជាពលរដ្ឋពេលលក់ផលកសិកម្ម រក្សាបានតម្លៃខ្ពស់ និងមិនឱ្យឈ្មួញបង្អាប់តម្លៃបាន៕