(តួកគី)៖ កងកម្លាំងយោធារបស់ប្រទេសតួកគី ដែលឈរជើងនៅតាមព្រំដែន បានឃាត់ខ្លួនជនជាតិស៊ីរីជាង ៣០នាក់ បន្ទាប់ពីពួកគេបានឆ្លងដែនចូលទឹកដីតួកគី ដោយភ្ជាប់មកជាមួយនូវគ្រឿងផ្ទុះ យ៉ាងច្រើនសន្ធឹក នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ។
តាមការបញ្ជាក់ពីមន្ត្រីយោធាតួកគីបានឲ្យដឹងថា ជនជាតិស៊ីរី ចំនួន ៣៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងនោះមានបុរសបួននាក់, ស្ត្រី ១០នាក់ និងក្មេង២០នាក់ ដោយការឃាត់ខ្លួននោះត្រូវបានធ្វើឡើងនៅក្បែរទីក្រុង Oguzeli បន្ទាប់ពីពួកគេបានឆ្លងដែនចូលមកកាន់ទឹកដីតួកគី ក្នុងមានជាជនភៀសខ្លួន។ នៅក្នុងខ្លួនរបស់ពួកគេ ត្រូវបានយោធាតួកគីរកឃើញ មានគ្រឿងផ្ទុះ និងអាវកាក់ ដែលពាក់សម្រាប់ធ្វើអត្តឃាតបំផ្ទុះគ្រាប់បែក។
អាជ្ញាធរតួកគី នៅមិនទាន់កំណត់បានថា ពួកគេទាំងនេះ ជាប់ពាក់ព័ន្ធនឹងក្រុមឧទ្ទាម ISIS ឬមួយយ៉ាងណានោះទេ ប៉ុន្តែសារព័ត៌មានក្នុងស្រុកបានចេញផ្សាយថា ពួកគេគឺជាប់ពាក់ព័ន្ធនឹងក្រុម ISIS។
គួរបញ្ជាក់ផងដែរថា តួកគីបានផ្ដល់ជម្រកដល់ជនភៀសខ្លួនស៊ីរីប្រមាណជា ៣លាននាក់ និងបច្ចុប្បន្នកំពុងតែបន្តផ្ដល់បន្ថែមទៀត ប៉ុន្តែត្រូវការជំនួយពីអន្តរជាតិ៕