(សេអ៊ូល)៖ មេដឹកនាំកំពូលកូរ៉េខាងជើង បានប្រហារជីវិតអគ្គមេបញ្ជាការយោធារបស់ខ្លួន គឺលោក រី យ៉ុង ជីល (Ri Yong-gil) កាលពីដើមខែកុម្ភៈ ឆ្នាំ ២០១៦។ នេះបើតាមសារព័ត៌មានកូរ៉េខាងត្បូងមួយ ដែលស៊ិនហួរដកស្រង់ដោយសុំមិនបញ្ចេញឈ្មោះ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ នេះ។
មន្ត្រីជាន់ខ្ពស់មួយចំនួននៅកូរ៉េខាងជើង ត្រូវបានគេមើលឃើញថា បានអវត្តមានជាយូរណាស់មកហើយ មុននឹងបង្ហាញខ្លួនម្តងទៀត។ យ៉ាងណាក៏ដោយលោកឧត្តមសេនីយ៍ រី យ៉ុង ជីល បានក្លាយជាមន្ត្រីជាន់ខ្ពស់ចុងក្រោយបង្អស់ របស់កូរ៉េខាងជើង ដែលទទួលបានបញ្ជាប្រហារជីវិត ដោយលោក គីម ចុងអ៊ុន (Kim Jong-un)។
សារព័ត៌មានកូរ៉េខាងត្បូងខាងលើនេះ បានបញ្ជាក់ទៀតថា លោក រី ត្រូវបានប្រហារជីវិតកាលពីដើមខែកុម្ភៈនេះ ពីបទពាក់ព័ន្ធនឹងអំពើពុករលួយ និង ការរួមគំនិតក្បត់ក្នុងបក្ស។ កាលពីសប្តាហ៍មុននេះ មានកិច្ចប្រជុំមួយត្រូវបានរៀបចំ ឡើងនៅក្នុងគណកម្មាធិការមជ្ឈិមបក្សពលករកាន់អំណាច ដែលក្នុងនោះលោក គីម ជុងអ៊ុន ធ្វើជាប្រធាន និងបានពិភាក្សាអំពីដំណោះស្រាយ ទៅការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងប្រទេស៕