(កំពង់ស្ពឺ)៖ ក្រោយពីមានករណីពុលចំណីអាហារ នៅក្នុងសាលាសេរីអង្គនាល នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមការងាររបស់ នាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ដោយមានការសហការពីមន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ស្ពឺ គណៈគ្រប់គ្រងសាលា និងអាជ្ញាធរដែនដី ដឹកនាំដោយលោក ប៊ុន ចំរើន អគ្គនាយរង នាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) បានចុះអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពម្ហូបអាហារ ដល់សិស្ស និងអ្នកដូរក្នុងសាលាដោយមានលោកគ្រូ អ្នកគ្រូ អ្នកលក់ដូរ ព្រមជាមួយសិស្សានុសិស្សជិត ១,០០០នាក់។
ក្នុងពិធីនេះ ក៏មានការចែកជូននូវផ្ទាំងរូបភាពអប់រំផ្សព្វផ្សាយជាច្រើនរយផ្ទាំងដល់សាលាលោកគ្រូ អ្នកគ្រូ អ្នកលក់ដូរ និងសិស្សានុសិស្ស ដើម្បីបានស្វែងយល់អំពីចំណីអាហារ។
លោក ប៊ុន ចំរើន អគ្គនាយករង លើកឡើងក្នុងពិធីអប់រំសិស្សានុសិស្សនោះថា ការចុះអប់រំត្រូវបានធ្វើឡើងជាប់ជាប្រចាំដល់សិស្សគ្រប់សាលា មិនថាតែមានករណីពុលដូចនៅសាលា សេរីអង្គនាលនេះទេ ក្នុងបំណងដើម្បីការពារបញ្ហាប៉ះពាល់ ចំពោះសុខភាពកុមារ ក្នុងនោះឱ្យពួកគេបានយល់ដឹងកាន់តែប្រសើរ ចំពោះសុខភាពជាចម្បងឱ្យស្គាល់ពីគុណភាព ចំណីអាហារដែលខូចគុណភាព និងមានគុណភាព។
អគ្គនាយរងបានឱ្យដឹងទៀតថា ជាប្រចាំក្រុមមន្ត្រី (កបប) តែងតែបានសហការចុះអប់រំដល់ក្រុមអាជីករលក់ដូរតាមផ្សារ ព្រមទាំងដកហូត ចំណីអាហារខូចគុណភាព ដើម្បីដុតបំភ្លេចចោលជាប្រចាំផងដែរ។
ក្រុមអ្នកជំនាញបានដាក់ការសង្ស័យជុំវិញករណីពុលចំណីអាហារចំពោះសិស្សប្រមាណ ២០នាក់កន្លងទៅថា ទីមួយមានមេរោគច្រើនក្នុងសាច់ប្រហិត ក្នុងនោះការប្រើប្រាស់ខ្លាញ់ អាចជាខូចគុណភាព និងការប្រើប្រាស់ខ្លាញ់មិនឧស្សាហ៍ផ្លាស់ប្តូរ ទើបបណ្តាលឱ្យមេរោគចូលក្នុងចំណីអាហារ ក្មេងជាសិស្សបរិភោគបណ្តាលឱ្យពុល។
ជាមួយគ្នានេះ លោកអគ្គនាយករង បានក្រើនរំលឹកចំពោះអ្នកលក់ដូរទាំងឡាយមិនថាឡើយនៅសាលារៀនសេរីអង្គនាលនេះទេ គ្រប់សាលារៀនទាំងអស់មេត្តារើសយកចំណីអាហារ សម្រាប់កុមារបរិភោគឱ្យមានស្តង់ដាចំណីអាហារច្បាស់លាស់ និងគុណភាពត្រឹមត្រូវ ជាពិសេសកុំប្រើប្រាស់ចំណីអាហារណាដែលហួសសុពលភាព និងគ្មានកាលបរិច្ឆេតច្បាស់លាស់ដែលនាំឱ្យប៉ះពាល់ដល់សុខភាពកុមារ៕