(ភ្នំពេញ)៖ កម្លាំងជំនាញ (ក៣) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកស៊ើបអង្កេតស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយខុសច្បាប់ នៅចំណុចក្បែររង្វង់មូល សម្ដេចសង្ឃជួនណាត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យ២នាក់៖ ឈ្មោះ ហ្សេវ ចឹងអ៉ី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ, ឈ្មោះ យូ ហៃយ៉ុង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ និងដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ១,០០០.៦៦ក្រាម។

ប្រតិបត្ដិការនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើស គ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ប្រតិបត្ដិការខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២១៖៤០នាទី កម្លាំងជំនាញ (ក៣) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំលោក ប្រុញ សាន និងលោក ភឹម ច័ន្ទតារា នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ជាមួយគ្នានោះក៏មានការសម្របសម្រួល ពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ត្រូវសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕