(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា មន្ដ្រីចរាចរណ៍ទាំងអស់ ត្រូវតែអនុវត្ដឲ្យបានត្រឹមត្រូវទៅតាមច្បាប់ ហើយកុំភ័យខ្លាចនូវការអន្ដរាគមន៍ណាមួយ ចំពោះអ្នកដែលបើកបរខុសច្បាប់។
ការបញ្ជាក់យ៉ាងដូច្នេះរបស់ឧត្តមសេនីយ៍ឯក ស ថេត ក្រោយកន្លងមកលិចឮព័ត៌មាន ចំពោះអ្នកដែលបើកបរខុសច្បាប់ តែងតែអាងអ្នកនេះ អាងអ្នកនោះ ដែលធ្វើឲ្យមានការលំបាកដល់មន្ដ្រីចរាចរណ៍ ក្នុងការអនុវត្ដច្បាប់ចំពោះជនទាំងនោះ។
តាម Facebook Page របស់ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសរសេរយ៉ាងដូច្នេះថា «ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់យ៉ាងច្បាស់ ដល់មន្ត្រីចរាចរណ៍ទាំងអស់ ត្រូវតែអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ កុំភ័យខ្លាចការអន្តរាគមន៍ណាមួយ ចំពោះអ្នកដែលបើកបរខុសច្បាប់»។
ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក ស ថេត ក៏បានកោតសរសើរ និងអរគុណដល់មន្ដ្រីនគរបាលចរាចរណ៍ទាំងអស់ ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញ ការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតផងដែរ៕