(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គិតមកដល់ពេលនេះ អគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនថ្មី សម្រេចការសាងសង់បាន៩៥%ហើយ នៅតែការងារសេសសល់មួយចំនួនដូចជា៖ ការសម្អាតបរិវេណអគារ ការតុបតែងខាងក្នុងអគារ ការដាំស្មៅក្នុងសួន បង្កើនសោភ័ណភាព ការដាំដើមឈើ និងការក្រាលកៅស៊ូបេតុងផ្លូវចេញ-ចូលជាដើម ហើយគ្រោងបញ្ចប់ការសាងសង់ ជាស្ថាពរនៅដំណាច់ឆ្នាំ២០២០ខាងមុខនេះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូចនេះនាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ អគារទីស្តីការក្រសួងថ្មី ដែលមានទីតាំងនៅផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ផ្លូវឯកឧត្តម ជា សុផារ៉ា) ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជ ការក្រសួងផងដែរ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំឱ្យគណៈកម្មការទទួលបន្ទុកការងារសាងសង់ ធ្វើការកែសម្រួលចំណុចខ្វះខាតមួយចំនួននៅខាងក្រៅ ក៏ដូចជា ផ្ទៃខាងក្នុងអគារ ដើម្បីបង្កើនគុណភាព និងលើកកម្ពស់សោភ័ណភាពអគារឱ្យកាន់តែល្អប្រសើរ សំដៅធ្វើយ៉ាងណាសម្រួលដល់ការបំពេញការងារបស់មន្ត្រីរាជការ ប្រកបដោយផាសុកភាព ហើយអគារនេះគ្រោង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗ ក្រោយគោរពស្នើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមបញ្ជាក់ថា អគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនថ្មីនេះ ត្រូវបានប្រារព្ធពិធីក្រុងពាលីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ហើយគ្រោងបញ្ចប់ការសាងសង់ ជាស្ថាពរនៅដំណាច់ឆ្នាំ២០២០ខាងមុខនេះ។
បន្ទាប់ពីការអញ្ជើញចុះពិនិត្យគុណភាពហេដ្ឋារចនាសម្ព័ន្ធសំណង់អគារទាំងមូល លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំកិច្ចប្រជុំគណៈកម្មកា ទទួលបន្ទុក ការងារ សាងសង់ និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង ដើម្បីដោះស្រាយសំណូមពរ ក៏ដូចជាបញ្ហាប្រឈមដែលបានជួបប្រទះក្នុងដំណើរការសាងសង់សំដៅពន្លឿនការងារ សាងសង់ ឱ្យបានចប់សព្វគ្រប់តាមផែនការដែលបានគ្រោងទុក៕