Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីការបរទេសហុងគ្រី ជាពីជំងឺកូវីដ១៩ ក្រោយព្យាបាល១៧ថ្ងៃ (Video inside)

20-11-2020 11:29

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក ភីតធើ ស៊ីចាតូ បានជាពីជំងឺកូវីដ១៩ហើយ បន្ទាប់ពីរូបលោកបានសម្រាកព្យាបាលរយៈពេល១៧ថ្ងៃ។

លោក ភីតធើ ស៊ីចាតូ បានបង្ហោះលើទំព័រហ្វេសប៊ុកនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា «វាបានបញ្ចប់ហើយ។ ក្រោយថ្ងៃអង្គារ ការធ្វើតេស្ដរបស់ខ្ញុំនៅថ្ងៃនេះគឺ «អវិជ្ជមាន»។ ខ្ញុំបានឆ្លងកាត់រយៈពេល ១៧ថ្ងៃ ដ៏វែងអន្លាយ និងលំបាកបំផុតនៅក្នុងជីវិតរបស់ខ្ញុំ។ ប៉ុន្តែនៅទីបំផុតគឺថ្ងៃនេះតែម្តង ខ្ញុំអាចជួប សាស៊ីលវី (Szilvi) និងកូនៗជាថ្មី»។

លោក ភីតធើ ស៊ីចាតូ ត្រូវបានរកឃើញកើតជំងឺកូវីដ១៩ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា បន្ទាប់ពីលោកបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា និងបន្តដំណើរទស្សនកិច្ចនៅក្នុងប្រទេសថៃ។ ដោយសារការរកឃើញជំងឺកូវីដ១៩ លោក ស៊ីចាតូ មិនបានធ្វើទស្សនកិច្ចនៅប្រទេសថៃនោះឡើយ ហើយលោកត្រូវបានដឹកតាមយន្តហោះពិសេសត្រឡប់ទៅប្រទេសហុងគ្រីវិញ។

បើទោះបីក្នុងកំលុងពេលព្យាបាលជំងឺកូវីដ១៩នេះ លោកនៅតែបន្តធ្វើការងាររបស់លោក និងជួបជាមួយដៃគូសន្ទនារបស់លោកជាប្រក្រតីតាមរយៈប្រព័ន្ធវីដេអូ។

លោក ភីតធើ ស៊ីចាតូ បានរៀបរាប់ថា ក្នុងកំលុងព្យាបាលជំងឺកូវីដ១៩នេះ លោកទទួលបានសេចក្ដីស្រឡាញ់ជាច្រើនក្នុងរយៈពេល ២សប្ដាហ៍កន្លះមកនេះ ដែលជាការផ្ដល់កម្លាំងចិត្តឱ្យរូបលោក។

លោកអរគុណអ្នកដែលបានចងចាំ គាំទ្រ អ្នកដែលផ្ញើសារ និងអ្នកដែលបានសួរសុខទុក្ខលោក។ លោកបានអរគុណជាពិសេស អ្នកដែលបានបន់ស្រន់ឱ្យលោកឆាប់ជាសះស្បើយ។ លោកបានគូសបញ្ជាក់ថា «ទាំងនេះគឺជារឿងល្អបំផុត ដែលខ្ញុំបានទទួលកាយវិការទាំងនេះ ពីកន្លែងដែលខ្ញុំមិនដែលរំពឹងសូម្បីតែបន្តិច។ វាគឺជាវីរុសដ៏កាចសាហាវ និងគួរឱ្យស្អប់»

លោករដ្ឋមន្ត្រីការបរទេសហុងគ្រី ក៏បានជូនពរអស់ពីដួងចិត្ត ឱ្យមនុស្សជាតិគេចផុតពីគ្រោះចង្រៃនេះ៕