(កំពត)៖ បក្ខពួកខ្មាន់កាំភ្លើង២នាក់ ដែលបាញ់សន្ដិសុខក្រុមហ៊ុន សូ ងួន បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ក្នុងហេតុការណ៍ប៉ះទង្កិចគ្នាដោយជម្លោះដីធ្លី នៅស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពត ចាប់ខ្លួនបាននៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះថា បក្ខពួកខ្មាន់កាំភ្លើងដែលបាញ់សន្ដិសុខក្រុមហ៊ុន សូ ងួន បណ្ដាលឲ្យស្លាប់ និងរបួសនោះ កម្លាំងជំនាញរបស់លោកស្រាវជ្រាវ ចាប់ខ្លួនបាន២នាក់ហើយ ខណៈមេក្លោងដែលមានកាំភ្លើង AK នៅក្នុងដៃកំពុងឡោមព័ទ្ធនៅខាងក្រោមជើងភ្នំ ចម្ងាយ៥គីឡូពីកន្លែងកើតហេតុ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា ជនសង្ស័យទី១៖ ឈ្មោះ ញ៉ាន សែង អាយុ២៣ឆ្នាំ រស់នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក និងទី២៖ ឈ្មោះ ស៉ីម ថែ អាយុ២១ឆ្នាំ នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។
លោកស្នងការបានបន្ដថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួន បានសារភាពថា អ្នកដែលធ្វើសកម្មភាពបាញ់គឺឈ្មោះ ស៊ូ ធា ដែលជាមេខ្លោង ហើយបានប្រើប្រាស់កាំភ្លើង AK បាញ់ មកលើក្រុមសន្តិសុខក្រុមហ៊ុន សូ ងួន ដោយមានគ្នាប្រមាណជិត២០នាក់ ហើយអ្នកផ្សេងៗ ទៀតបានប្រើប្រាស់អាវុធកែច្នៃបាញ់មកលើក្រុមសន្តិសុខផងដែរ។ ជនដៃដល់ ស៊ូ ធា បានកំពុងលាក់ខ្លួនលើភ្នំចំងាយពីកន្លែងកើតហេតុប្រហែល ៥គីឡូម៉ែត្រ ដោយយកទៅជាមួយនៅអាវុធ AK។
សូមរំលឹកថា ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនឧកញ៉ា សូ ងួន នៅឃុំត្រពាំងផ្លាំង ស្រុកឈូក ខេត្ដកំពត រហូតឈានដល់ការប៉ះទង្កិចគ្នាមួយប្រាវ រវាងពលរដ្ឋ និងសន្ដិសុខក្រុមហ៊ុន នៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ ក្នុងការប៉ះទង្កិចគ្នានេះ ប្រជាពលរដ្ឋបានប្រើប្រាស់កាំភ្លើង ស្នប់កែច្នៃ បាញ់បណ្ដាលឲ្យសន្ដិសុខម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់រងរបួសធ្ងន់។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ពិតជាមានការប៉ះទង្កិចគ្នាពិតមែន នៅទីតាំងដាំដើមអាកាស្យា របស់ក្រុមហ៊ុនឧកញ៉ា សូ ងួន និងប្រជាពលរដ្ឋនៅឃុំត្រពាំងផ្លាំង ស្រុកឈូក រហូតប្រជាពលរដ្ឋប្រើប្រាស់កាំភ្លើងស្នប់ បាញ់បណ្ដាលឲ្យសន្ដិសុខក្រុមហ៊ុនម្នាក់ស្លាប់ និងម្នាក់រងរបួស។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយកើតហេតុលោកបានបញ្ជាកម្លាំងនគរបាល ចេញអន្ដរាគមន៍ភ្លាមៗ ហើយរហូតមកដល់ពេលនេះ កម្លាំងជំនាញកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមរកជនដៃដល់មកផ្ដន្ទាទោសតាមផ្លូវច្បាប់។ លោកបញ្ជាក់ថា នៅកន្លែងកើតហេតុ កម្លាំងជំនាញរបស់លោកដកហូតបានអាវុធច្នៃ២ដើម ខណៈមនុស្សរត់គេចខ្លួនបាត់។
ជាមួយគ្នានេះ លោកឧកញ៉ា សូ ងួន ក៏បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្ដកំពតឲ្យដឹងដែរថា នៅព្រឹកមិញនេះ ពិតជាមានការប៉ះទង្កិចគ្នារវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនរបស់លោក ប្រាកដមែន ហើយករណីនេះផ្ដើមចេញពីជម្លោះដីធ្លី។ ប៉ុន្ដែលោកថា នៅពេលនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកជនដៃដល់ ដែលបាញ់សន្ដិសុខរបស់លោក២នាក់ផងដែរ។
សេចក្ដីរាយការណ៍បានបញ្ជាក់ថា ជនរងគ្រោះទី១៖ ឈ្មោះ នួន ភ័ក្ត្រា អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង រងរបួសត្រង់ក្រោមក្លៀក ស្លាប់នៅកន្លែងកើតហេតុ និងទី២៖ ឈ្មោះ ផន ដា អាយុ៣១ឆ្នាំ មានស្រុកសំពៅមាស ខេត្តពោធិ៍សាត់ (របួសធ្ងន់) បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ៕