(បន្ទាយមានជ័យ)៖ រដ្ឋបាលក្រុងសិរីសោភ័ណ បានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣) នៅថ្នាក់ក្រុងឆ្នាំ២០២០ ក្រោមអធិបតីលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត តំណាងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។
ក្នុងនោះក៏មានការចូលរួមលោកស្រី ព្រំ ស៉ីណា ប្រធានមន្ទីរផែនការខេត្ត, លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុងសិរីសោភ័ណ, លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង, អ្នកពាក់ព័ន្ធ អង្កការដៃគូរ ចៅសង្កាត់ទាំង៧ បានចូលរួមនៅសាលាក្រុងសិរីសោភ័ណនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងស្រីសោភ័ណ បានលើកឡើងថា ដោយយោងតាមការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ រយៈកន្លងមកនេះរដ្ឋបាលក្រុងសិរីសោភ័ណ បានស្វះស្វែងកៀរគរប្រមូលផ្តុំធនធានដោយសម្រេចស្នាដៃជាច្រើន លើភារកិច្ចកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍ធនធានមនុស្ស បរិស្ថាន អនាម័យ សំខាន់លើការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សង្គម លើកកម្ពស់សុវត្ថិភាព សន្តិសុខសាធារណៈទូទៅ បានល្អធ្វើឲ្យប្រជាពលរដ្ឋបានរស់នៅ យ៉ាងសុខសាន្តបាមចូលរួមលើកអភិវឌ្ឍក្រុងឲ្យមានសោភ័ណ្ឌ ដោយស្មារតីទទួលខុសត្រូវ។
លោកអភិបាលក្រុងសិរីសោភ័ណ បានបន្តថា ចំណែកការងារសេដ្ឋកិច្ចសង្គមកិច្ចក៏មានការប្រែប្រួល បង្កលក្ខណៈឲ្យស្ថានភាព ជីវភាពប្រជាពលរដ្ឋ កាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ រួមជាមួយនឹងការពង្រឹងការអនុវត្តច្បាប់ និងការគោរពសិទ្ធិមនុស្សផងដែរ។
លោក ង៉ោ ម៉េងជ្រួន បានថ្លែងថា តាមរយៈការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានធ្វើកំណែទម្រង់យុទ្ធសាស្រ្តចតុកោណ តាមដំណាក់កាលបានធ្វើឲ្យកម្ពុជា មានការផ្តាស់ប្តូរ ទទួលបានការអភិវឌ្ឍយ៉ាងខ្លាំងគួឲ្យកត់សម្គាល់។
លោកបានបញ្ជាក់ថា «តាមរយៈនេះ កម្មវិធីវិនិយោគបីឆ្នាំសង្កាត់ឆ្នាំ២០២១-២០២៣ នៅថ្នាក់ក្រុង គឺជាដំណើរការដែលរៀបចំឡើង ដើម្បីគាំទ្រគម្រោងសកម្មភាពអភិវឌ្ឍដែលបានស្នើឡើងឲ្យ ស៊ីសង្វាក់ ទៅនឹងគោលនយោបាយយុទ្ធសាស្រ្ត និងសកម្មភាពនានារបស់មន្ទីរជំនាញ និងបណ្តាអង្គការជាតិ-អន្តរជាតិ តាមរយៈការចូលរួម ការពិភាក្សា ការចរចា និងការវិភាគ រវាងមន្ទីជំនាញ និងអង្គការនានាដែលមានទំនាក់ទំនងគ្នា ដើម្បីប្រមូលផ្តុំធនធានសម្រាប់គាំទ្រកិច្ចអភិវឌ្ឍ ឬបង្កើនសក្តានុពល ធនធានចាំបាច់សម្រាប់ដំណើរការអភិវឌ្ឍរបស់មូលដ្ឋានក្រុង និងសង្កាត់។
ជាមួយគ្នានោះ លោក ង៉ោ ម៉េងជ្រួន ក៏បានផ្ដល់នូវអនុសាសន៍ជាមូលដ្ឋានសម្រាប់យកចិត្តទុកដាក់ពិភាក្សាលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
*ទី១៖ ត្រូវយកចិត្តទុកដាក់ប្រើប្រាស់តារាងសកម្មភាពអាទិភាពរបស់ក្រុង តាមរយៈការពិភាក្សាពីប្រភពទិន្នន័យផែនទី និងភ្ជាប់របាយការណ៍លទ្ធផលអនុវត្តសកម្មភាពរបស់សង្កាត់ និងក្រុងឆ្នាំ ២០២០។
*ទី២៖ ពិភាក្សារឹះរកវិធានការយ៉ាងណា ដើម្បីទាក់ទាញការចូលរួមពីគ្រប់បណ្ដាមន្ទីរ អង្គការជាតិ-អន្តរជាតិ និងសប្បុរសជនបានធ្វើការគាំទ្រសកម្មភាពអាទិភាពរបស់សង្កាត់ និងក្រុង ក្នុងតារាងអាទិភាពដែលបានបិទជូនឲ្យបានច្រើនដើម្បីដោះស្រាយសេចក្តីត្រូវការចាំបាច់ បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅក្នុងក្រុងទាំងមូល៕