(ទីក្រុងឡុងដ៍)៖ ប្រធានក្រុមហ៊ុនប្រេងរដ្ឋរុស្ស៊ី Rosneft លោក អ៊ីហ្គ័រ សេជីន (Igor Sechin) បានថ្លែងនៅក្នុងសន្និសីទ ប្រេងអន្តរជាតិនៅទីក្រុងឡុងដ៍ (London) ចក្រភពអង់គ្លេសថា តម្រូវការប្រេង នៅលើទីផ្សារសកលលោក នឹងកើនឡើងវិញ ចាប់ពីដំណាច់ឆ្នាំ ២០១៦ តទៅ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ។
លោក សេជីន បានបញ្ជាក់ក្នុងសន្និសីទនៅថ្ងៃពុធម្សិលមិញថា «ការកើនឡើងនៃតម្រូវការប្រេងចំរុះនឹងអាចមើលឃើញ យ៉ាងឆាប់រហ័ស ហើយខ្ញុំសូមបញ្ជាក់ថា អ្នកទាំងឡាយដែលធ្លាប់គំរាមក្នុងការកាត់បន្ថយតួនាទីស្នូល នៃប្រេងនៅលើសកលលោកយើងនេះ គឺជារឿងដែលបានបំផ្លើសពីការពិតពេកហើយ»។
បើតាមការពន្យល់របស់ប្រធានក្រុមហ៊ុនប្រេងរដ្ឋរុស្ស៊ីខាងលើនេះ តម្លៃប្រេងសកលលោក នឹងងើបឡើងវិញ ជាបណ្តើរៗនៅចុងឆ្នាំ ២០១៦ ហើយរហូតទៅដល់ចុងឆ្នាំ ២០១៧ ពិភពលោកអាចជួបប្រទះនឹងការខ្វះខាត ប្រេងសម្រាប់ផ្គត់ផ្គង់ថែមទៀតផង នៅលើទីផ្សារ៕