(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានចេញមកបញ្ជាក់ថា ការទាត់ចោលបណ្តឹងរបស់ភ្នាក់ងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ពាក់ព័ន្ធការចុះបញ្ជីឈ្មោះបោះឆ្នោតនៅឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ធ្វើឡើងដោយអនុវត្តន៍តាមស្មារតីនៃរដ្ឋធម្មនុញ្ញច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។
សមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសម្តែងប្រតិកម្មយ៉ាងខ្លាំង បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ បានសម្រេចលើកបណ្តឹងមិនចាត់ការ ចំពោះបណ្តឹងរបស់ខ្លួន។
តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមប្រឹក្សាធម្មនុញ្ញ បានលើកថា សវនាការរបស់ក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ពិនិត្យ និងសម្រេចលើករណីបណ្ដឹងនេះ គឺបានអនុវត្តស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្ដីពីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។
ក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាធម្មនុញ្ញ បានបន្ថែមថា ក្រុមប្រឹក្សាធម្មនុញ្ញទទួលស្គាល់សិទ្ធិជាតំណាងរបស់ភ្នាក់ងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺលោក នៅ សំអាត ដែលទទួលការផ្ទេរសិទ្ធិពីលោកស្រី យ៉ុន ឃឹម ដាក់ពាក្យបណ្ដឹងនៅក្រុមប្រឹក្សាឃុំបួរ ប្ដឹងក្រុមចុះ ឈ្មោះបោះឆ្នោតពីការក្លែងបន្លំឯកសារ ចុះឈ្មោះដែលត្រូវផ្តន្ទាទោសតាមជំពូកទី១០ (ទោសប្បញ្ញត្តិ) នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហើយក្រុមប្រឹក្សាធម្មនុញ្ញក៏ទទួលស្គាល់សិទ្ធិរបស់លោក ម៉ក តាំងយូ ផងដែរ ក្នុងការទទួលសិទ្ធិបន្តពីលោក នៅ សំអាត ដោយមានការឯកភាពពីលោកស្រី យ៉ុន យឿម ក្នុងការប្តឹងទៅ គ.ជ.ប មិនសុខចិត្តនឹងការផ្សះផ្សារបស់ក្រុមប្រឹក្សាឃុំបួរ។
លោក ម៉ក តាំងយូ បានប្តឹងមកក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៤៖១៥នាទី មិនសុខចិត្តនឹងសេចក្ដីសម្រេចលេខ ០០១ គ.ជ.ប ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ គ.ជ.ប ហើយនៅពេលទទួលបណ្ដឹងក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យលើលក្ខខណ្ឌ ២សំខាន់ ទី១៖ គឺសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញក្នុងការដោះស្រាយបណ្ដឹង និងទី២៖ គឺលក្ខណៈសម្បត្តិ (គុណវុឌ្ឍ) នៃអ្នកប្តឹង។
ក្នុងការពិនិត្យនេះ ឃើញថា លោក ម៉ក តាំងយូ ពុំមែនជាបុគ្គលដែលរងឥទ្ធិពលផ្ទាល់ (ទទួលរងការដាក់ទណ្ឌកម្មផ្ទាល់) ពីសេចក្ដីសម្រេចលេខ ០០១ គ.ជ.ប ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ គ.ជ.ប ស្របតាមស្មារតីនៃមាត្រា១៦៤ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឡើយ។ ដូចនេះលោក ម៉ក តាំងយូ ពុំមានលក្ខណៈសម្បត្តិ (គុណវុឌ្ឍ) ស្របតាមច្បាប់ក្នុងការប្តឹងតវ៉ាជាលាយលក្ខណ៍អក្សរទៅ ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងអំឡុងពេល ៧២ម៉ោងបន្ទាប់ពីកាលបរិច្ឆេទទទួលបានសេចក្ដីសម្រេចរបស់ គ.ជ.ប ផ្អែកតាមលក្ខខណ្ឌនៃបណ្ដឹងនេះ បណ្ដឹងរបស់ភ្នាក់ងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានដាក់ប្តឹងមកក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៤៖១៥នាទី គឺជាបណ្ដឹងដែលមានលក្ខណៈផ្ទុយច្បាប់ ហើយដែលចំណុចខ្វះខាតមិនអាចឱ្យកែតម្រូវបាន។
យោងតាមមាត្រា២៨ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា ៣១ និងមាត្រា៣២ នៃច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ បានកំណត់ថា បណ្ដឹងដែលមាន លក្ខណៈផ្ទុយច្បាប់ ដែលចំណុចខ្វះខាតមិនអាចកែតម្រូវបាន ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចលើកបណ្ដឹងចោលដោយ មិនចាំបាច់ឆ្លងកាត់ការទាញហេតុផល។
ដូច្នេះក្រុមប្រឹក្សាធម្មនុញ្ញពុំអាចយកខ្លឹមសារនៃពាក្យបណ្ដឹងរបស់ ភ្នាក់ងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមកពិភាក្សាបានឡើយ ហើយក៏ពុំពិនិត្យឬពិភាក្សាលើសេចក្ដីសម្រេច របស់ គ.ជ.ប ដែរ ដែលជាហេតុនាំឱ្យពុំមានការកោះហៅភាគីពាក់ព័ន្ធណាមួយនៃបណ្ដឹងមកសួរដេញដោល ឬ ពិនិត្យភស្តុតាងឡើយ។ យោងស្មារតី នៃមាត្រា ១៤២ ថ្មី នៃរដ្ឋធម្មនុញ្ញ សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញជាសេចក្ដីសម្រេចបិទផ្លូវតវ៉ា៕