Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកណ្ដាល ប្រគល់អំណោយជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមសំរាប់កុមារកំព្រា និងផ្ដាំផ្ញើរពង្រឹងលើការអប់រំ

19-11-2020 17:09

(កណ្ដាល)៖ លោកបណ្ឌិត គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគជាច្រើន ជូនដល់សមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមសំរាប់កុមារ ដែលមានទីតាំងស្ថិតនៅ ស្រុកកណ្ដាលស្ទឹង ហើយព្រមទាំងបានផ្ដាំផ្ញើរឲ្យជួយថែរក្សាក្មេងៗឲ្យបានល្អ ពង្រឹងលើការអប់រំទាំងស្មារតី ចំណេះដឹងទូទៅ និងការអនាម័យជាដើម ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សខ្មែរឲ្យកាន់តែច្រើនឡើងៗ ក្នុងទិសដៅជួយអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចំរើនទៅមុខជាលំដាប់។

សកម្មភាពមនុស្សដ៏មហាថ្លៃថ្លានេះ បានប្រព្រឹត្តិទៅនៅនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅវត្តរស្មីសោភ័ណរាម ហៅវត្តសន្លុង ស្ថិតនៅឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោកអភិបាលខេត្តបានថ្លែងថា កុមារជាទំពាំងស្នងឬស្សីដឋេលចាំបាច់ត្រូវយកចិត្តទុកដាក់មើលថែទាំងឱ្យបានល្អ ដ្បិតពួកគាត់គួរឲ្យអាណិតណាស់ដែលគ្មានអាណាព្យាបាលមើលថែ ប៉ុន្តែជាបុណ្យ កុសលល្អ ដែលមានសមាគមបានយកមកចិញ្ចឹមបីបាច់ថែរក្សា ផ្គត់ផ្គង់ឲ្យនានការរៀនសូត្រ ផ្គត់ចំណីអាហារ កន្លែងស្នាក់នៅជាដើម ដែលរូបភាពនេះ សបញ្ជាក់ឲ្យឃើញពីតម្លៃនៃការចូលរួមជួយ សង្គមនៃយើងទាំងអស់គ្នា តាមរូបភាពផ្សេងៗក្នុងទិសដៅរក្សាសន្តិភាព និងការអភិវឌ្ឍន៍ជាតិឲ្យរីកចំរើនទៅមុខជាលំដាប់។

គួរជម្រាបជូនថា អំណោយដែលបានប្រគល់ជូនដល់សមាគមរួមមាន៖ អង្ករ ២.០០០គីឡូក្រាម មី៣០កេស ត្រីខកំប៉ុង៣កេស ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ សាប៊ូ២កេស ទឹកបរិសុទ្ធ២០ដបធំ អាល់កុល៣០លីត្រ ម៉ាស់៥០០បន្ទះ ថវិកាឧបត្ថម្ភសមាគមចំនួន ៣លានរៀល។

សមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ បានបង្កើតឡើងកាលពីឆ្នាំ២០១៦ និងបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់នៅក្រសួងមហាផ្ទៃ គិតមកដល់ឆ្នាំ២០២០ នេះសមាគមបានចិញ្ចឹម អប់រំ ថែទាំកុមារកំព្រាគ្មានទីពឹងសរុប៤៦នាក់ និងឧបត្ថម្ភទ្រទ្រង់ជីវភាពលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តចំនួន១០នាក់ កុមារទាំងនេះភាគច្រើនមកពីខេត្តផ្សេងៗគ្នា ក្នុងនោះមានខេត្តកណ្តាល តាកែវ កំពង់ធំ ព្រៃវែង ក្រចេះ កំពង់ចាម ពោធិសាត់ និងក្រុងព្រះសីហនុ។

ក្នុងឱកាសនោះដែរលោក គង់សោភ័ណ្ឌ ក៏បានប្រគេនព្រះគ្រូចៅអធិការវត្ត នូវអង្ករ ៥០០គីឡូក្រាម មី៤កេសតូច ត្រីខកំប៉ុង៤យួរ ទឹកបរិសុទ្ធ៤កេស និងបច្ច័យចំនួន៤០ម៉ឺនរៀលផងដែរ៕