(ភ្នំពេញ)៖ ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា លោកទេសរដ្ឋមន្រ្តី អ៉ឹម ឈុនលឹម បានសម្រេចឲ្យផ្អាករាល់ការអភិវឌ្ឍ និងសំណង់នានានៅបឹងព្រែកទប់ ដែលជាបឹងដ៏ធំមួយនៅក្នុងក្រុងព្រះសីហនុ សម្រាប់ផ្ទុកទឹកស្អាតផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ។
ការសម្រេចរបស់លោក អ៉ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជានារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា, រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ រដ្ឋលេខាធិការក្រសួងទេសចរណ៍, អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់, អភិបាលរង នៃគណៈអភិបាលខេត្ត និងជាតំណាងគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ, អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និង មន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
ក្នុងកិច្ចប្រជុំនេះ លោកទេសរដ្ឋមន្រ្តី បានសម្រេចឱ្យគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បង្កករាល់ដំណើរការអភិវឌ្ឍ និងសាងសង់សំណង់ផ្សេងៗ និង ចុះសិក្សាស្រង់ទិន្នន័យនិងកំណត់ផ្ទៃបឹង។ លោកទេសរដ្ឋមន្រ្តី ក៏បានបញ្ជាឲ្យធ្វើការសំអាត និងកែសម្រួលឆ្នេរឯករាជ្យ និង រៀបចំឱ្យសាធារណជនអាចចេញចូលទៅកម្សាន្តបាន។
លោកទេសរដ្ឋមន្រ្តី ក៏បានបញ្ជាឲ្យធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឈានទៅរកការរុះរើសំណង់ខុសច្បាប់លើឆ្នេរ និងដីចំណីឆ្នេរអូត្រេះផងដែរ។
សម្រាប់ឆ្នេរអូរឈើទាល (ទល់មុខដីក្រុមហ៊ុន សុខា អូតែល អតីតអារីស្តុន) លោកទេសរដ្ឋមន្រ្តី បានបញ្ជាឲ្យរៀបចំទម្លុះ និង ឈូសឆាយ វិថីអូរឈើទាលស្របតាមបណ្តោយឆ្នេរ និង ផ្សព្វផ្សាយឱ្យរុះរើសំណង់ខុសច្បាប់លើឆ្នេរនិងដីចំណីឆ្នេរ៕