(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ បានកើតឡើងចំនួន៨០លើក សម្លាប់មនុស្ស៤១នាក់ និងរបួសចំនួន ១៣៤នាក់ ក្នុងនោះរបួសធ្ងន់៩១នាក់ របួសស្រាល ៤៣នាក់ នេះបើតាមរបាយការណ៍ផ្លូវការរបស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ។
របាយការណ៍បានឲ្យដឹងទៀតថា បើធ្វើការប្រៀបធៀបគ្រោះថ្នាក់ចរាចរណ៍រយៈពេល៤ថ្ងៃនៃបុណ្យនេះ ជាមួយនឹង៤ថ្ងៃឆ្នាំមុន គឺគ្រោះថ្នាក់កើនឡើង៣ករណី (ឆ្នាំមុនមានត្រឹមតែ ៧៧លើក) អ្នកស្លាប់កើនឡើង ១២នាក់ (ឆ្នាំមុនមានតែ២៩នាក់) ដោយឡែកអ្នករបួសថយចុះ ១៧នាក់ (ឆ្នាំមុនមានត្រឹមតែ ១៥១នាក់) ។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ខេត្តដែលមានគ្រោះថ្នាក់ស្លាប់ និងរបួសមនុស្សច្រើនជាងគេគឺ ខេត្តរតនគិរី ស្លាប់៦នាក់ របួស៥នាក់, ខេត្តព្រៃវែង ស្លាប់៥នាក់ របួសម្នាក់, ភ្នំពេញ ស្លាប់៥នាក់ របួស៦នាក់, ខេត្តបន្ទាយមានជ័យ ស្លាប់៤នាក់ របួស៨នាក់, ខេត្តកណ្តាល ស្លាប់៤នាក់ របួស៧នាក់, ខេត្តកំពត ស្លាប់៣នាក់ របួស១០នាក់ ហើយកត្តាដែលនាំឲ្យគ្រោះថ្នាក់ គឺបើកបរក្នុងល្បឿនលឿន ស្រវឹង និងបើកប្រជែង។
ដោយឡែកគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី១០ ខែកុម្ភៈម្សិលមិញ ស្លាប់៣នាក់ របួសធ្ងន់ស្រា៧នាក់ ខូចខាតយានយន្ត១៥គ្រឿងផងដែរ៕