(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារថ្មីទី២ និងនគរបាលប៉ុស្តិ៍ស្រះចក នៃអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ នៅយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ បានបង្ក្រាបករណី ចែកចាយគ្រឿងញៀន ជាបន្តបន្ទាប់ ក្នុងមូលដ្ឋានរបស់ខ្លួន ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ និងដកហូតថ្នាំមួយចំនួន។

អធិការនគរបាលខណ្ឌដូនពេញ លោក ហួត ចាន់យ៉ារ៉ាន់ បានឲ្យដឹងថា នៅវេលាម៉ោង៨៖៣០នាទី យប់ថ្ងៃទី១០ ខែកុម្ភៈ ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី២ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួនពីរនាក់ នៅចំណុចច្រកចូលភូមិ៩ សង្កាត់ផ្សារថ្មីទី២។

ជនសង្ស័យទី១ឈ្មោះ សៅ សាវឿន អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ផ្ទះជួល ម្តុំសាលាសន្ធរម៉ុក ខណ្ឌទួលគោក និងទី២ឈ្មោះ រិត សោភ័ណ្ឌ អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយគ្នា។ ក្រោយចាប់ខ្លួន សមត្ថកិច្ចបានដកហូត ក្រាមពណ៌ស ថ្លាចំនួន១កញ្ចប់ លុយមួយចំនួន និងម៉ូតូមួយគ្រឿង ម៉ាក ស៊ុយស៊ុយគីនិច ពណ៌ស លាយផ្កាឈូកផ្លាកលេខកណ្តាល1Q5256 ទូរស័ព្ទមួយគ្រឿង និងកាបូបដៃ២។

ជាមួយគ្នានេះ នៅល្ងាចថ្ងៃដដែលនោះ កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ស្រះចក បានឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ផងដែរ នៅចំណុចផ្លូវរថភ្លើង ភូមិ៣(បឹងកក់)សង្កាត់ស្រះចក។ ជនសង្ស័យត្រូវឃាត់ខ្លួនទី១ ឈ្មោះ សៅ ស្រីដា  ភេទស្រី អាយុ២២ឆ្នាំ មុខរបរមិនប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក និងទី២ឈ្មោះគ្រី ចាន់ថន អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

ក្រោយចាប់ខ្លួនសមត្ថកិច្ចបានដកហូត គ្រឿងញៀនប្រភេទ ក្រាមពណ៌សថ្លា(ម៉ាទឹកកក)១កញ្ចប់ និងសម្ភារមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ខាងលើកំពុងឃាត់ខ្លួន នៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕