(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី ម៉ែន លី ស្នងការនគរបាល ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បាននាំយកអំណោយរបស់ នាយឧត្តម សេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទៅប្រគល់ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះភ្លើងឆេះផ្ទះ នៅសង្កាត់អូរស្មាច់ ក្រុងសំរោង។
លោកឧត្តម សេនីយ៍ ម៉ែន លី បានផ្តាំផ្ញើការសាកសួរសុខទុក្ខពី សំណាក់ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដែលជានិច្ចជាកាល តែងតែគិតគូយកចិត្តទុកដាក់ ចំពោះសុវត្ថិភាព និងសន្តិសុខរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានលើកឡើង អំពីការដាក់ផែនការ របស់នាយឧត្តមសេនីយ៍ នេត សាវឿន ឲ្យកងកំលាំងនគរបាលជាតិនៅទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ ថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានល្អ។ លោកឧត្តមសេនីយ៍ត្រី ម៉ែន លី បានថ្លែងថា ដោយឡែកខេត្តឧត្តរមានជ័យ លោកបានដាក់ផែនការឲ្យអធិការនគរបាលក្រុងស្រុកទាំង៥ ត្រូវថែរក្សាសន្តិសុខ ជាប្រចាំជូនប្រជាពលរដ្ឋ។ លោកស្នងការ បាន ដាក់ប៉ុស្តិ៍យាមជាប្រចាំនៅចំណុច សំខាន់ៗ និងឲ្យកងកំលាំងដើរល្បាតគ្រប់ច្រកល្ហក ក្នុងដែនការពារ របស់ខ្លួន នៅតាមមូលដ្ឋាន។
លោក ម៉ែន លី ក៏បានសំដែងនូវការសោកស្តាយ ចំពោះហេតុការណ៍ គ្រោះអគ្គិភ័យនេះ ដែលបានបំផ្លិចបំផ្លាញផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋ ហើយ បងប្អូនប្រជាពលរដ្ឋផ្សេងទៀត ក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ ។ ចំពោះអំណោយ ដែលចែកជូនពេលនេះ រួមមានថវិកា ៣២០០០០០រៀល (បីលានពីរសែនរៀល)អង្ករ២០០គីឡូក្រាម និងគ្រឿងឧបភោគបរិភោគ មួយចំនួនទៀត។ អំណោយនេះក៏មានការចូលរួមពី អាជីវករផ្សារស្មាច់ មួយចំនួនទៀតផង។
គួរបញ្ជាក់ថា នៅវេលាម៉ោង៥៖៣០នាទី ល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅផ្លូវលេខ១០ ស្ថិតក្នុងភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង មានករណីគ្រោះអគ្គិភ័យមួយបានកើតឡើង បណ្តាលឲ្យឆេះផ្ទះមួយខ្នង ទំហ៊ំ៥គុណ៨ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី បណ្តាលឲ្យខូចខាតផ្ទះទាំងស្រុង។
ជនរងគ្រោះមាន ឈ្មោះ សួង សុភ័ណ្ឌ ភេទប្រុសជាប្តី និងប្រពន្ធឈ្មោះ ទូច សំអាន អាយុ៣៤ឆ្នាំ និងផ្ទះទី២ ឈ្មោះ មុច សុភាព អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ លឹម ចាន់ណារ៉ា អាយុ៣៤ឆ្នាំ៕