Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹត្តិការណ៍ ៣ វិច្ឆិកា៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងក្រុមគ្រួសារសរុប៤៣នាក់ លទ្ធផលតេស្តចុងក្រោយ «អវិជ្ជមាន» មេរោគកូវីដ១៩

18-11-2020 13:44

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ក្រុមគ្រួសារសរុប ៤៣នាក់បានបន្តអវិជ្ជមានមេរោគកូវីដ១៩ នៅក្នុងការធ្វើតេស្តលើកទី៤ ហើយក៏ជាលើកចុងក្រោយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ នៅបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់ Fresh News ។

លោកស្រី យក់ សម្បត្តិ បានបន្ថែមថា លទ្ធផលតេស្តអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា នឹងចេញជាបន្តបន្ទាប់រហូតដល់យប់ថ្ងៃនេះតែម្តង ។

ការធ្វើតេស្តលើកទី៤ ពិសេសចុងក្រោយធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះគឺបញ្ចប់តែម្តង។ ក្រុមគ្រូពេទ្យចាប់ផ្តើមពីម៉ោង៧ព្រឹករហូតដល់អស់អ្នកធ្វើតេស្ត។ ការធ្វើតេស្តរកជំងឺកូវីដ១៩នេះ នឹងត្រូវរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់មន្ត្រីរាជការ និងអ្នកសារព័ត៌មាន ដែលបានពាក់ព័ន្ធផ្ទាល់ និងប្រយោល។

ដើម្បីធានាបានថា មេរោគកូវីដ១៩ មិនត្រូវបានរីកសាយភាយក្នុងសហគមន៍នោះ អ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលនេះ ត្រូវបានតម្រូវឱ្យដាក់ខ្លួនដាច់ដោយឡែក (ធ្វើចត្តាឡីស័ក) រយៈពេល ១៤ថ្ងៃ និងតេស្តសុខភាពរកមេរោគចំនួន៤លើក។

យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «៣វិច្ឆិកា» ទាំងផ្ទាល់ និងប្រយោល សរុប ៣,៩១៨នាក់ បានធ្វើតេស្តរកជំងឺកូវីដ១៩។ ក្នុងនោះអ្នកធ្វើតេស្តលើកទី១ ចំនួន ១,៧៤១នាក់ លើកទី២ ចំនួន ៨២៥នាក់ និងលើកទី៣ បានចំនួន ១,៣៥២នាក់៕