(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចាត់ឲ្យមន្ត្រីខុទ្ទកាល័យសម្ដេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សហការជាមួយ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យកាល់ម៉ែត និងសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ជូនដំណើរប្អូនស្រី សុខ គាន ចេញពីមន្ទ្ទីរពេទ្យកាល់ម៉ែត ត្រឡប់ទៅកាន់លំនៅឋាន នៅឯស្រុកកំណើតរបស់ប្អូនស្រីវិញ ស្ថិតនៅភូមិទ្វីខាងត្បូង ឃុំអណ្ដូងខ្មែរ ស្រុកកំពង់បាយ ខេត្តកំពត បន្ទាប់ពីប្អូនស្រីទទួលបានការសណ្ដោសប្រណី និងការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងការខិតខំប្រឹងប្រែងរបស់គ្រូពេទ្យ នៃមន្ទីរពេទ្យកាល់ម៉ែត ក្នុងការវះកាត់ និងព្យាបាលជំងឺប្រើសបេះដូងរបស់ប្អូនស្រី បានជាសះស្បើយ ហើយការវះកាត់ និងព្យាបាលនេះ ដោយមិនយកសេវាអ្វីទាំងអស់ ។
ក្នុងដំណើរជូនប្អូនស្រីទៅកាន់លំនៅឋាននេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួន និងគ្រឿងឧបភោគ-បរិភោគ ដើម្បីជួយសម្រាលដល់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារប្អូនស្រី។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦កន្លងទៅនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកាមួយចំនួន គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ម្ដងរួចហើយ នៅពេលដែលប្អូនស្រីបាន ចាប់ផ្ដើមចូលមកសំរាកនៅមន្ទីរពេទ្យ។
នៅរសៀលថ្ងៃដដែលនេះដែរ ក្រុមការងារក៏បាននាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូន អ្នកមីង សោម ងីន អាយុ ៥៦ឆ្នាំ ដែលមានជំងឺសន្លាក់ពិបាកកម្រើកខ្លួន អំណោយឧបត្ថម្ភរួមមាន៖ រទេះរុញសម្រាប់ជនពិការ 1 គ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន។ ដោយឡែក គ្រួសារទីទ័លក្រជួបការលំបាកចំនួន ៤គ្រួសារផ្សេងទៀត ក៏ទទួលបានការឧបត្ថម្ភ ដែលក្នុងមួយគ្រួសារៗទទួលបាននូវ គ្រឿឧបភោគ-បរិភោគ និងថវិកាមួយចំនួនផងដែរ៕