(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចុះចែកពូជស្រូវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈនាយឧត្ដមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅស្រុកចន្ទ្រា ផ្ដល់ជូនប្រជាកសិករដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១២១គ្រួសារ មកពីឃុំចន្ទ្រា និងឃុំទួលស្តី ស្រុកចន្ទ្រា។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, លោកអភិបាលស្រុកចន្ទ្រា, ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងបងប្អូនប្រជាកសិករដែលអញ្ជើញមកទទួលពូជស្រូវនៅថ្ងៃនេះ។
ថ្លែងទៅកាន់ប្រជាពលរដ្ឋ លោក ម៉ែន វិបុល ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់គ្រប់ពេលវេលានូវសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។
លោកបានបន្តថា រដ្ឋបាលខេត្តសូមសម្តែងនូវការសោកស្តាយចំពោះការបាត់បង់ និងខូចខាតផលដំណាំ កសិផល សត្វពាហនៈ ជាមួយប្រជាកសិករដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង នារយៈពេលកន្លងមក ជាពិសេសនៅឃុំចន្ទ្រា និងឃុំទួលស្តី ស្រុកចន្ទ្រា។ ទន្ទឹមនេះក្នុងនាមអាជ្ញាធរមូលដ្ឋាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈតាមរយៈនាយឧត្ដមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅស្រុកចន្ទ្រា ដែលលោកបាននាំយកនូវពូជស្រូវ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ដើម្បីចែកជូនប្រជាពលរដ្ឋនាពេលនេះ។
លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នាដើម្បីការពារខ្លួន ព្រមទាំងក្រុមគ្រួសារ និងសហគមន៍ ពីជំងឺកូវីដ-១៩ ព្រោះមកដល់ពេលនេះជំងឺនេះនៅបន្តរីករាលដាលយ៉ាងខ្លាំង និងពុំទាន់មានវ៉ាក់សាំងការពារនៅឡើយទេ។ ក្នុងនោះត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ ចូលរួមពង្រឹងនូវភូមិឃុំមានសុវត្ថិភាព និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន ជាពិសេសសូមបន្តរួមគ្នាការពារសន្តិភាព ដែលនេះជាកិច្ចការសំខាន់ និងជាមូលដ្ឋានចាំបាច់សម្រាប់យើងរួមបន្តអភិវឌ្ឍន៍ប្រទេសយើងទៅមុខទៀត។
អំណោយដែលផ្ដល់ជូនប្រជាពលរដ្ឋទាំង ១២១គ្រួសារ នាឱកាសនេះ ក្នុងមួយគ្រួសារ ទទួលបានពូជស្រូវ ១០០គីឡូក្រាម និងថវិកា ២ម៉ឺនរៀល៕