(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ តំណាងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញប្រកាសតែងតាំង ផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូននាយទាហាន ក្នុងយោធភូមិភាគទី៥។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ឯក សំអូន បានកោតសរសើរដល់ការបំពេញភារកិច្ច កន្លងមកសម្រេចបានល្អ ហើយក៏បានកងទ័ពជើងគោក អគ្គមេបញ្ជាការ ក្រសួងការពារជាតិ និងប្រមុខរាជរដ្ឋាភិបាល ផ្តល់ទំនុកចិត្ត តែងតាំងផ្លាស់ប្តូរមុខងារថ្មី និងផ្តល់ឋានន្តរស័ក្តិ ជូនដល់នាយទាហាន យើងនាពេលនេះ ដែលជានាយទាហានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ។
លោកឧត្តមសេនីយ៍ ឯក ឯក សំអូន បានណែនាំនាយទាហាន ដែលទទួលបានតួនាទី និងតម្លើងឋានន្ដរស័ក្ដិនេះ ត្រូវបន្តគោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់ រាល់បទបញ្ជា សារាចរ សេចក្តីណែនាំរបស់ថ្នាក់លើ ហើយត្រូវមានភាពស្មោះត្រង់ដាច់ខាតជាមួយ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរាដ្ឋាភិបាល ស្របច្បាប់។ ព្រមទាំងត្រូវខិតខំប្រឹងប្រែងការងារលើគ្រប់វិស័យ ពិសេសការងារហ្វឹកហ្វឺនរៀនសូត្រ ដើម្បីលើកកម្ពស់ សមត្ថភាពកងទ័ព ចូលរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ។
លោកបន្ដថា នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវរួមគ្នាសាមគ្គីភាពឯកភាពផ្ទៃក្នុងល្អ មានតម្លាភាពដោះស្រាយជម្នះរាល់ភាពអសកម្ម និងមានទំនាក់ទំនងសហការល្អ ចេះដោះស្រាយរួមគ្នា ទប់ស្កាត់រាល់បទល្មើស ក្តាប់ឲ្យបានទាន់ពេលសភាពការណ៍ និងចេះរាយការណ៍សុំយោបល់ថ្នាក់លើ។ ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព កងទ័ពដាច់ខាតមិនឲ្យមានការសេព និងជួញដូរគ្រឿងញៀន និងបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យរីករាលដាលចូលសហគមន៍៕