(ពោធិ៍សាត់)៖ គណៈកម្មការថ្នាក់ខេត្ត ក្នុងនោះមានអនុគណៈកម្មការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិតាមបណ្ដាឃុំក្នុងស្រុកវាលវែង នាពេលនេះបាននិងកំពុងចុះ ប្រតិបត្តិការអនុវត្តន៍ កិច្ចការងារទប់ស្កាត់ និងបង្ក្រាបបទល្មើស នៅឃុំប្រម៉ោយ និងឃុំអន្លង់រាប។
លោក ចេង ឡៃ អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងឃុំប្រម៉ោយ បានបញ្ជាក់ប្រាប់ភ្នាកល់ងារព័ត៌មាន Fresh News ប្រចាំខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា អនុគណៈកម្មការរបស់លោក ក្រោមការបញ្ជាផ្ទាល់ពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការ ថ្នាក់ខេត្ត បានចាប់ផ្ដើមកិច្ចការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ គិតមកដល់ពេលនេះ អនុវត្តបាន ៥/៦ ភូមិ (ផ្លូវការ និងឧបសម្ព័ន្ធ)។
ដោយឡែកលោក គិត សុផា អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងឃុំអន្លង់រាប បានឱ្យដឹងដែរថា អនុគណៈកម្មការរបស់លោកលោក បានចាប់ផ្ដើមកិច្ចការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ គិតមកដល់ពេលនេះ អនុវត្តបាន ២/៩ ភូមិ (ផ្លូវការ និងឧបសម្ព័ន្ធ)។ ចំពោះអនុគណៈកម្មការតាមបណ្ដាឃុំដទៃទៀត ក្នុងស្រុកវាលវែង ក៏ត្រូវដឹកនាំទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ តាមឃុំដែលខ្លួនទទួលខុសត្រូវ ដូចភ្លៀងរលឹមជាបន្តបន្ទាប់ផងដែរ។
សូមបញ្ជាក់ថា យោងតាមប្រការ៣ នៃសេចក្តីសម្រេច របស់រដ្ឋបាលខេត្តពោធិ៍សាត់ លេខ០៦១/២០ សសរក/ខពស ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ អនុគណៈកម្មការនានាមានតួនាទីភារកិច្ច៖
* ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសការកាប់រានទន្ទ្រានយកដីព្រៃរបស់រដ្ឋ ក្នុងភូមិសាស្ត្រឃុំទាំង៥
* ស្រាវជ្រាវក្តាប់ព័ត៌មាន កំណត់មុខសញ្ញាជនល្មើស និងបង្កសំណុំរឿងតាមនីតិវិធីច្បាប់ ជូនតុលាការ
* កំណត់ច្បាស់លាស់ទីតាំងដីព្រៃ ដែលត្រូវការពារក្នុងភូមិសាស្ត្រឃុំទាំង៥
* អប់រំប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យយល់ដឹងពីផ្លូវច្បាប់ និងអត្ថប្រយោជន៍ នៃការថែរក្សាធនធានធម្មជាតិ
* ធ្វើរបាយការណ៍ពីលទ្ធផលសម្រេចបាន និងបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការអនុវត្តការងារជូនគណៈកម្មការថ្នាក់ខេត្ត៕