(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំគម្រោងអភិវឌ្ឍខេត្ត នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីពិភាក្សាអនុម័ត និងស្នើសុំអនុលោមភាព ទៅក្រសួងមហាផ្ទៃ សម្រាប់ធ្វើការអភិវឌ្ឍ។
គម្រោងអភិវឌ្ឍធំៗ មានចំនួន៣ ដោយត្រូវចំណាយថវិកាអស់ ប្រមាណ១៣ពាន់លានរៀល ដែលសិក្សារៀបចំគម្រោងដោយក្រុមការងារមន្ត្រីជំនាញបច្ចេកទេស គណៈកម្មការរៀបចំគម្រោង របស់រដ្ឋបាលខេត្តកំពត ដើម្បីអនុវត្តឱ្យបានឆាប់រហ័សនៅមុនដំណាច់ឆ្នាំ២០២០ ខាងមុខនេះ។
តាមលទ្ធផលនៃកិច្ចប្រជុំនេះ បានបញ្ជាក់ឱ្យដឹងថា គម្រោងនេះ គឺសុទ្ធសឹងជាគម្រោង ការស្ថាបនា និងជួសជុលពង្រីកហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធផ្លូវថ្នល់បេតុង សួនសាធារណៈ ការកែលម្អដាក់ប្រព័ន្ធលូតាមដងផ្លូវ ក្នុងសង្កាត់មួយចំនួននៃក្រុងកំពត និងនៅក្នុងឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត។
ក្នុងកិច្ចប្រជុំនេះលោក ជាវ តាយ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់មន្ត្រីជំនាញបច្ចេកទេស ក្នុងការសិក្សា ដើម្បីបានជាលទ្ធផលនៃគម្រោង សម្រាប់ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តឲ្យមានការរីកចំរើនកាន់តែប្រសើរឡើងបន្ថែមទៀត សំដៅឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ ក៏ដូចសាធារណៈជនទូទៅផងដែរ។
លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ក្រោយពីគម្រោងនេះ បានអនុម័តក្នុងកិច្ចប្រជុំនេះរួចហើយ ត្រូវបន្តនីតិវិធីឱ្យបានត្រឹមត្រូវល្អ ដោយផ្អែកតាមគោលការណ៍ណែនាំ របស់ក្រសួងមហាផ្ទៃ ដើម្បីធ្វើយ៉ាងណាជំរុញការអនុវត្តឱ្យបានលឿនឆាប់រហ័ស ក្នុងការអភិវឌ្ឍគម្រោងទាំងនេះ ឱ្យបានបញ្ចប់នៅចុងឆ្នាំ២០២០ ខាងមុខ ឱ្យទទួលបានលទ្ធផលជោគជ័យ និងមានគុណភាពប្រសិទ្ធភាព។
សូមបញ្ជាក់ថា គម្រោងទាំងនេះបន្ទាប់ពីអនុម័តដោយគណៈកម្មការរៀបចំគម្រោងខេត្តរួចមក រដ្ឋបាលខេត្ត ត្រូវរៀបចំដាក់គម្រោងនេះ ស្នើសុំអនុលោមភាព ពីក្រសួងមហាផ្ទៃ ហើយពេលក្រសួងមហាផ្ទៃផ្ដល់អនុលោមភាព ទើបរដ្ឋបាលខេត្ត នឹងឈានដល់ការអនុវត្តតាមនីតិវិធីលទ្ធកម្ម របស់ខេត្ត ស្របតាមនីតិវិធីនៃលិខិតបទដ្ឋាន និងសៀវភៅណែនាំ ស្តីពីការរៀបចំគម្រោង រាជធានី-ខេត្ត របស់ក្រសួងមហាផ្ទៃ។
គម្រោងនេះទៀតសោត ត្រូវបានជ្រើសរើសចេញពីកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់ខេត្ត ហើយថវិកាដែលបានវិភាជន៍ សម្រាប់គម្រោងនេះត្រូវបានរៀបចំក្នុងគម្រោងថវិកាប្រចាំឆ្នាំរបស់ខេត្ត ដោយប្រើប្រាស់ថវិកាឥណទាន បំពេញបន្ថែមចុងឆ្នាំ៕