(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបើកកិច្ចប្រជុំពេញអង្គលើកទី២ ឆ្នាំ២០២០ តាមរយៈវីដេអូខនហ្វឺរេនដោយសារតែការគម្រាមកំហែងពីជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពលោក ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ជាច្រើននាក់ ព្រមទាំង ប្រធានគណៈកម្មាធិការប្រយុទ្ធនឹង ជំងឺ អេដស៍ តាមក្រសួង រដ្ឋលេខាធិការដ្ឋានរាជធានី-ខេត្ត និងមន្រ្តីកាកបាទក្រហមកម្ពុជាផងដែរ។
«កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២០» តាមរយៈវីដេអូខនហ្វឺរេនជាលើកទី២ ដោយសារតែការគម្រាមកំហែងពីជំងឺកូវីដ-១៩ នៅតែបន្ត ហើយបង្ក ផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ស្ថានភាពសុខភាព នយោបាយ សេដ្ឋកិច្ច ក្នុងទូទាំងតំបន់ និងពិភពលោកទាំងមូល ដែលមកទល់ពេលនេះស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ នៅតែប៉ះពាល់ធ្ងន់ធ្ងរ ជាសកលនៅឡើយ ដែលត្រូវមានការចូលរួមទប់ស្កាត់ការចម្លងទាំងអស់គ្នា តាមរយៈសេចក្តីណែនាំកម្មវិធីបង្ការរបស់ក្រសួងសុខាភិបាល។
ទេសរដ្ឋមន្រ្តី អៀង មូលី បានថ្លែងនៅក្នុងកិច្ចប្រជុំនេះថា យោងតាមគម្រោងផែនការសកម្មភាពឆ្នាំ២០២០ កិច្ចប្រជុំពេញអង្គ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវប្រារព្ធឡើងរៀងរាល់៦ខែម្តង។ ដូច្នេះកិច្ចប្រជុំនៅថ្ងៃនេះ គឺជាកិច្ចប្រជុំលើកទី២ ក្នុងឆ្នាំ២០២០ ដើម្បីពិនិត្យមើលរួមគ្នានូវវឌ្ឍនភាព សមិទ្ធផល និងប្រសិទ្ធភាពក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ សម្រាប់រយៈពេល៦ខែចុងឆ្នាំ២០២០ នេះ។ ជាមួយគ្នានេះ យើងនឹងធ្វើការពិភាក្សាលើចំណុចខ្វះខាតមួយចំនួន ដែលទាមទារនូវដំណោះស្រាយ តាមរយៈការចូលរួមរបស់លោក លោកស្រី នាងកញ្ញា ដែលមានវត្តមានក្នុងពេលនេះ។ តាមរបៀបវារៈកិច្ចប្រជុំ យើងនឹងមានបទបង្ហាញចំនួន២ ដែលរៀបចំដោយអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍រូបនេះ បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាគោលការណ៍ ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងការលុបបំបាត់ជំងឺអេដស៍ តាមរយៈការកំណត់ យ៉ាងច្បាស់លាស់ នូវគោលដៅសូន្យបី គឺ «គ្មានការឆ្លងមេរោគអេដស៍ថ្មី», «គ្មានការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍» និង «គ្មានការស្លាប់ដោយសារជំងឺអេដស៍» នៅត្រឹមឆ្នាំ២០២៥។
យើងក៏បាននិងកំពុងតែធ្វើដំណើររួមគ្នាប្រកបដោយ ទស្សនវិស័យច្បាស់លាស់ក្នុងក្តីសង្ឃឹមពិតប្រាកដ ឆ្ពោះទៅរកការលុបបំបាត់ជំងឺអេដស៍។ នេះក៏ដោយសារតែប្រទេសកម្ពុជាយើង មាននូវកត្តាចាំបាច់ដ៏មានប្រសិទ្ធភាពខ្ពស់រួចទៅហើយ គឺការប្តេជ្ញាចិត្តគាំទ្រជានយោបាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
រួមជាមួយគ្នានេះ យើងមានចីរភាព នៃការចូលរួមជាពហុវិស័យឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ ពីគ្រប់ស្ថាប័នជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន និងជាពិសេសបណ្តាញអ្នកផ្ទុកមេរោគអេដស៍ មានស្ថាប័នដឹកនាំ គ្រប់គ្រង និងសម្របសម្រួលតែមួយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិហើយជាពិសេស យើងមានផែនការយុទ្ធសាស្រ្តជាតិតែមួយ មានប្រព័ន្ធតាមដាន និងវាយតម្លៃជាតិតែមួយ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
លើសពីនេះទៀត យើងបាន និងកំពុងបញ្ចូលសកម្មភាពឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព នៅថ្នាក់ក្រោមជាតិ ដែលអាចឈានឆ្ពោះសម្រេចគោលដៅ ៩៥-៩៥-៩៥ នៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងរយៈពេល៥ឆ្នាំខាងមុខ តាមការកំណត់របស់រាជរដ្ឋាភិបាល។ លទ្ធផលដែលទទួលបានពីកិច្ចប្រជុំនេះ ពិតជាមានសារៈសំខាន់ ដែលនឹងផ្តល់ទៅដល់ក្រុមការងារបច្ចេកទេស អាចយកទៅប្រើប្រាស់ក្នុងការបន្តការអនុវត្តការងារឆ្លើយតប ទៅនឹងការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ នៅក្នុងឆ្នាំ២០២១ ខាងមុខ ទៅតាមអនុសាសន៍ដែលនឹងផ្តល់ជូន ក្នុងសម័យប្រជុំពេញអង្គនាពេលនេះ៕