Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ឆ្នាំង ជំរុញឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់កំណត់ព្រំប្រទល់ ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួនឱ្យបានត្រឹមត្រូវ

18-11-2020 10:34

(កំពង់ឆ្នាំង)៖ នៅក្នុងកិច្ចប្រជុំរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវញខេត្ត និងអភិបាលក្រុងស្រុក នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នំា២០២០នេះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានជំរុញឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់កំណត់ព្រំប្រទល់ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវ របស់ខ្លួនឱ្យបានត្រឹមត្រូវ។

លោក ឈួរ ច័ន្ទឌឿន បានបន្តថា កន្លងមកនេះរដ្ឋបាលមូលដ្ឋានមួយចំនួន នៅពុំទាន់មានភាពច្បាស់លាស់ លើកិច្ចការងារព្រំប្រទល់រដ្ឋបាល ដែនសមត្ថកិច្ចរបស់ខ្លួន នៅឡើយនោះទេ ដូចជាព្រំប្រទល់ ភូមិ ឃុំសង្កាត់ និង ស្រុក ក្រុង ដែលធ្វើឲ្យជួបការលំបាកក្នុងការគ្រប់គ្រង និងការរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋាននានា និងពេលខ្លះ បង្ករបញ្ហាទំនាស់ព្រំប្រទល់ ពីភាពមិនច្បាស់លាស់នេះផងដែរ។

លោក ឈួរ ច័ន្ទឌឿន បានបន្ថែមថា អាជ្ញាធរមូលដ្ឋានត្រូវអនុវត្តឲ្យបាននូវលិខិតជំរាប ជូនរបស់ក្រសួងមហាផ្ទៃ ក្នុងការកំណត់គោលការណ៍ និងនីតិវិធីរួមសម្រាប់កាសិក្សា ស្រាវជ្រាវ កែសម្រួលព្រំប្រទល់រដ្ឋបាលមូលដ្ឋាន ដោយដោះស្រាយឯកភាពគ្នាជារួម ដោយតម្កល់ផលប្រយោជន៍ជាតិ និងសង្គមទាំងមូលជាធំ៕