(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងរដ្ឋមន្ត្រី និងអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ «៣វិច្ឆិកា» ធ្វើតេស្តរកជំងឺកូវីដ១៩ លើកទី៤ ដែលជាលើកចុងក្រោយ ដើម្បីប្រាកដថាមិនមានឆ្លងមេរោគកូវីដ១៩។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា ការធ្វើតេស្តលើកទី៤ពិសេសចុងក្រោយធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះគឺបញ្ចប់តែម្តង។ ក្រុមគ្រូពេទ្យចាប់ផ្តើមពីម៉ោង៧ព្រឹករហូតដល់អស់អ្នកធ្វើតេស្ត។ ការធ្វើតេស្តរកជំងឺកូវីដ១៩នេះ នឹងត្រូវរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់មន្ត្រីរាជការ និងអ្នកសារព័ត៌មាន ដែលបានពាក់ព័ន្ធផ្ទាល់ និងប្រយោល។
ដើម្បីធានាបានថាមេរោគកូវីដ១៩ មិនត្រូវបានរីកសាយភាយក្នុងសហគមន៍នោះ អ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលនេះ ត្រូវបានតម្រូវឱ្យដាក់ខ្លួនដាច់ដោយឡែក (ធ្វើចត្តាឡីស័ក) រយៈពេល ១៤ថ្ងៃ និងតេស្តសុខភាពរកមេរោគចំនួន៤លើក។
យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «៣វិច្ឆិកា» ទាំងផ្ទាល់ និងប្រយោល សរុប ៣,៩១៨នាក់ បានធ្វើតេស្តរកជំងឺកូវីដ១៩។ ក្នុងនោះអ្នកធ្វើតេស្តលើកទី១ ចំនួន ១,៧៤១នាក់ លើកទី២ ចំនួន ៨២៥នាក់ និងលើកទី៣ បានចំនួន ១,៣៥២នាក់៕