(កំពង់ធំ)៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានសំណូមពរដល់បងប្អូនអាជីវករ ក្រុមហ៊ុនដែលជាម្ចាស់ស្ថានីយ៏ប្រេងឥន្ធនៈ ដែលបានសាងសង់រួចហើយ ក៏ដូចជាមានផែនការសាងសង់ស្ថានីយ៍ប្រេង សូមប្រញាប់មកសុំលិខិតបញ្ជាក់បច្ចេកទេសសុវត្ថិភាព និងវិញ្ញាបនប័ត្រអនុញ្ញាតដំណើរការអាជីវកម្ម ពីក្រសួងរ៉ែ ថាមពល ដើម្បីរួមគ្នាកាត់បន្ថយ និងបង្កាគ្រោះថ្នាក់ ដែលអាចកើតមានឡើងជាយថាហេតុ បណ្តាលមកពីការសាងសង់ស្ថានីយ៍ប្រេងឥន្ធនៈ ខុសលក្ខណៈបច្ចេកទេស។
ចំពោះស្ថានីយ៍ប្រេងដែលបានសាងសង់រួច ក្រសួងនិងចេញសេចក្តីណែនាំ និងទុកពេលដើម្បីឱ្យធ្វើការកែសម្រួលទៅតាម គោលការណ៏បច្ចេកទេសសុវត្ថិភាពរបស់ក្រសួង។
លោក ស៊ុយ សែម រដ្ឋមន្ត្រី បានលើកឡើងបែបនេះ ខណៈលោករដ្ឋមន្រ្តីបានអញ្ជើញជាអធិបតី ក្នុងការសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារមន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦។ ពាក់ព័ន្ធការដឹកជញ្ជូនរ៉ែសំណង់ គ្រប់ប្រភេទដូចជា គ្រួស ខ្សាច់ ថ្ម អាចម៍ដី លោករដ្ឋមន្ត្រីបានធ្វើការណែនាំឱ្យ ប្រធានមន្ទីររ៉ែ និងថាមពល អាជីករ ម្ចាស់ឡាន សូមដឹកត្រឹមទ្រុងដែលបានកំណត់ ហើយត្រូវគ្របឱ្យជិតកុំឱ្យហ៊ុយ ដាក់អ្នកធ្វើដំណើរ ដែលកន្លងមកក្រសួងបានធ្វើជាសារចរណ៍ណែនាំរួចហើយក្នុងការដឹកជញ្ជូននេះ ហើយប្រធានមន្ទីររ៉ែ និងថាមពល រាជធានី- ខេត្ត និងត្រូវប្រឈមការដាក់ពិន័យ ប្រសិនបើមិនបានពិនិត្យតាមដានការងារនេះ អាជីវករ ក៏និងត្រូវទទួល ការពិន័យផងដែរ បើយោងតាមសារចរណ៏ខាងលើ ទន្ទឹមនេះលោកក៏សំណូមពរដល់អាជ្ញាធរគ្រប់ រាជធានី-ខេត្ត អាជ្ញាធរដែនដី មេត្តារួមគ្នាជាមួយមន្ត្រីនៃមន្ទីររ៉ែ និងថាមពល និងមន្ទីរជំនាញពាក់ព័ន្ធ ទប់ស្កាត់ ការដឹកជញ្ជូនរ៉ែ សំណង់គ្រប់ប្រភេទលើសចំណុះ ហ៊ុយ ខុសលក្ខណៈបច្ចេកទេស បង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ។
លោករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ជូនប្រជាពលរដ្ឋ សិស្ស និស្សិត អ្នកចូលរួមពិធីនោះផងដែរថា ក្រសួងរ៉ែ និងថាមពល ឆ្នាំ២០១៥ នេះបានរកចំនូលចូលថវិការដ្ឋប្រមាណជាង ១៧លានដុល្លារកើនឡើង៤ដង បើប្រៀបឆ្នាំ២០១៤ ហើយនេះគឺកើតចេញពីការ ខិតខំក្នុងកំណែទម្រង់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងរ៉ែ និងថាមពល ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋក៏ទទួលបាន នូវមូលនិធិគាំទ្រសហគមន៏ ផងដែរដែលបានមកពីការតម្រូវឱ្យក្រុមហ៊ុន បង់ជូនសហគមន៏ ទៅតាមបរិមាណផលិតកម្មដែលខ្លួន ធ្វើអាជីវកម្មរ៉ែសំណង់ នៅតាមសហគមន៏នោះ៕