(បន្ទាយមានជ័យ)៖ មន្ត្រីសាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យ ផ្សព្វផ្សាយច្បាប់ស្តីពីគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា នៅបណ្តាគេហដ្ឋានតាមបណ្តោយផ្លូវជាតិលេខ ៥៨ ពីចំណុចរង្វង់មូលស្ទឹងបត់ រហូតដល់ផ្សារអូរបីជាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោក សាន វិជ្ជាសាវុធ ប្រធាន ក.ប.ប ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្នុងសកម្មភាពចុះពិនិត្យមន្ត្រីជំនាញរកឃើញមានទំនិញខូចគុណភាព
ហួសកាលបរិច្ឆេទ រួមមាន៖
* ទឹកដោះគោឆៅ Carnation ចំនួន ៤១ កំប៉ុង ស្មើ ១៥.១២៩ លីត្រ
* មីម៉ាម៉ាកំប៉ុងចំនួន ១៦ កំប៉ុង ស្មើ ០.៩៦ គីឡូក្រាម
* ទឹកអាស៊ីតសញ្ញាទន្សាយហោះចំនួន ១ ដប ស្មើ ០.៤ លីត្រ
* ទឹកក្រូចឆ្មាដបចំនួន ១៣ ដប ស្មើ ៦.៥ លីត្រ
* ទឹកសៀងដបចំនួន ៧ ដប ស្មើ ៤.៣៤ គីឡូក្រាម
* ទឹកសណ្តែក Lactasoy ចំនួន ១២ ដប ស្មើ ៤.២ លីត្រ។

ក្រោយពីមន្ត្រីចម្រុះរឹបអូសរួចទំនិញទាំងនេះ ក្រុមមន្ត្រីបានធ្វើការដុតកម្ទេចគ្មានភាពអនុលោមតាមច្បាប់ចំនួន ៣៩០ គីឡូក្រាម ក្នុងដីឡូតិ៍មួយកន្លែងស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដោយមានការយល់ព្រមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានោះ មន្ត្រីចម្រុះបានផ្តាំផ្ញើដល់ពលរដ្ឋគ្រប់ មុននឹងទិញចំណីអាហារ និងទំនិញយកទៅបរិភោគ ត្រូវពិនិត្យមើលថ្ងៃបរិច្ឆេទការវេចខ្ចប់ឱ្យបានត្រឹមត្រូវ
ព្រោះវាធ្វើឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ៕